(ប៉ាគីស្ថាន)៖ កងទ័ពអាកាសប៉ាគីស្ថានបានធ្វើតេស្ដបាញ់សាកល្បង ប្រកបដោយជោគជ័យ នូវមីស៊ីលឆ្លាតវៃផលិតនៅក្នុងស្រុកស៊េរីថ្មីបំផុតមួយ ខណៈភាពតានតឹងជាមួយឥណ្ឌា នៅមិនទាន់ធូរស្រាលខ្លាំងនៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ កងទ័ពអាកាសប៉ាគីស្ថានបានបញ្ជាក់ទៀតថា មីស៊ីលឆ្លាតវៃខាងលើត្រូវបានបំពាក់លើយន្ដហោះចម្បាំង JF-17 Thunder ដែលផលិតឡើងរួមគ្នាដោយចិន និងប៉ាគីស្ថាន។ មិនតែប៉ុណ្ណោះនៅក្នុងវីដេអូដាច់ឡែកមួយក៏បានបង្ហាញផងដែរថា យន្ដហោះចម្បាំង JF-17 បានបាញ់មីស៊ីលប្រភេទនេះចំគោលដៅយ៉ាងល្អឥតខ្ចោះ។
គួរបញ្ជាក់ថា ការធ្វើតេស្ដអាវុធស៊េរីថ្មីនេះ ត្រូវបានធ្វើឡើងក្រោមការត្រួតពិនិត្យដោយផ្ទាល់ ពីសំណាក់ប្រមុខកងទ័ពអាកាសប៉ាគីស្ថានលោក មូចាហ៊ីដ អាន់វ៉ា ខាន់ (Mujahid Anwar Khan) ដែលបានផ្ញើសារដោយប្រយោលទៅកាន់ឥណ្ឌាថា បាគីស្ថានគឺជាប្រទេសស្រឡាញ់សន្តិភាព ប៉ុន្តែបើសិនជាមានសត្រូវឈ្លានពាន នោះទីក្រុងអ៊ីស្លាម៉ាបាដនឹងចាត់វិធានការឆ្លើយតបវិញ យ៉ាងម៉ឺងម៉ាត់ជាទីបំផុត៕