(ឌូបៃ)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលអេមីរ៉ាត់អារ៉ាប់រួម បានចេញសេចក្តីប្រកាសបិទដែនអាកាសរបស់ខ្លួន សម្រាប់យន្តហោះ Boeing 737 MAX 8 ដោយសារតែស្ថានភាពស្រដៀងគ្នា ជុំវិញការធ្លាក់យន្តហោះម៉ូដែលនេះនៅអេត្យូពីកាលពីថ្ងៃអាទិត្យ និងនៅឥណ្ឌូណេស៊ីកាលពីជាង ៥ខែមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។
រហូតមកទល់នឹងរសៀលថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរអាកាសចរណ៍នៃបណ្តាប្រទេស រួមមានទាំងចិន អូស្រ្តាលី ឥណ្ឌា ម៉ាឡេស៊ី សិង្ហបុរី វៀតណាម និងអឺរ៉ុបជាដើម ហើយឥឡូវគឺអេមីរ៉ាត់អារ៉ាប់រួមថែមទៀត សុទ្ធតែបានសម្រេចហាមឃាត់យន្តហោះ Boeing 737 MAX 8 ហោះហើរនៅក្នុងដែនអាកាសនៃប្រទេសរបស់ពួកគេ ហើយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសជាច្រើនផ្សេងទៀត បានចាប់ផ្តើមបញ្ឈរជើងម៉ូដែលយន្តហោះនេះជាបណ្តោះអាសន្ន។
កាលពីថ្ងៃអាទិត្យកន្លងទៅ យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍ប្រទេសអេត្យូពីរ Ethiopian Airlines បានធ្លាក់នៅប៉ុន្មាននាទីក្រោយហោះចេញពីព្រលានយន្តហោះក្នុងរដ្ឋធានី Addis Ababa របស់អេត្យូពីរ ដោយបានផ្តាច់ជីវិតមនុស្សទាំង ១៥៧នាក់ ដែលជិះនៅលើនោះ។ ហេតុការណ៍នេះគឺជាគ្រោះមហន្តរាយលើកទីពីរហើយ ដែលមានពាក់ព័ន្ធនឹងយន្តហោះ Boeing 737 MAX 8 ដោយកាលពីខែតុលា ឆ្នាំ២០១៨ យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍ក្នុងស្រុក Lion Air បានធ្លាក់នៅសមុទ្រជ្វា ក្រោយហោះហើរបានតែបន្តិចដូចគ្នា ចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានីហ្សាការតា និងបានសម្លាប់ជិវិតមនុស្សទាំងអស់គឺជាង ១៨០នាក់។
ដោយឡែក ស្របពេលជាមួយគ្នា អាជ្ញាធរអាកាសចរណ៍អាមេរិក FAA និងក្រុមហ៊ុន Boeing ផ្ទាល់ នៅតែបង្ហាញភាពជឿជាក់លើសុវត្ថិភាពហោះហើរនៃយន្តហោះ Boeing 737 MAX 8 ហើយពុំមានមូលដ្ឋានអ្វីដើម្បីជំរុញឲ្យហាមឃាត់ការធ្វើប្រតិបត្តិការហោះហើររបស់យន្តហោះនេះឡើយ៕