​(វ៉ាស៊ីនតោន)៖ មេបក្សប្រឆាំង​ដែលប្រកាស​តែងតាំងខ្លួនឯង ​ជាប្រធានាធិបតីស្ដី​ទីវេណេស៊ុយអេឡា គឺលោក ហ្ស៊ន ហ្គៃដូ (Juan Guaido) បានស្នើ ឡើងនូវសេចក្ដី​ព្រាងច្បាប់មួយ ស្ថិតនៅក្នុងចេតនាលក់ឧស្សហកម្ម​ប្រេង​វេណស៊ុយអេឡា​ ទៅឱ្យក្រុមហ៊ុន​ឯកជន ខណៈសហរដ្ឋអាមេរិក​ត្រៀម​ខ្លួនរួចជាស្រេច​ដើម្បីទិញ។ នេះបើតាម Reuters ដកស្រង់​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters ធ្វើសេចក្ដី​រាយការណ៍​បែបនេះ ដោយផ្អែកលើប្រតិភូរបស់​លោក Guaido ប្រចាំធនាគារ​អភិវឌ្ឍន៍អន្តរអាមេរិក គឺលោក រីកាដូ ហសមែន (Ricardo Hausmann)។ លោក Hausmann បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «​យើងត្រូវការផ្លាស់​ប្ដូរប្រព័ន្ធ បច្ចុប្បន្ន... ហើយយើង​ត្រូវការបើកចំហរឧស្សាហកម្ម​ប្រេង​វេណេស៊ុយអេឡា សម្រាប់​ក្រុមហ៊ុន ឬការវិនិយោគ​ឯកជន»

តែទោះជាយ៉ាងនេះក្ដី សំណើសេចក្ដីព្រាងច្បាប់​ខាងលើរបស់​លោក Guaido ត្រឹមតែ​ក្រដាសសមួយ​សន្លឹកប៉ុណ្ណោះ ព្រោះ​ប្រធានាធិបតី​វេណេស៊ុយអេឡា នៅតែមាន​យោធានៅពីក្រោយ​ខ្នង និងបន្តគ្រប់គ្រង​ឧស្សហកម្មប្រេង​វេណេស៊ុយអេឡា តាមរយៈ​ក្រុមហ៊ុន​​ប្រេង​រដ្ឋ PDVSA ដែលកំពុងរកស៊ី​យ៉ាងសកម្មជាមួយ ចិន រុស្ស៊ី និងឥណ្ឌាផងដែរ។

គួរបញ្ជាក់ថា ឧស្សហកម្ម​ប្រេងបានផ្ដល់​ប្រាក់ចំណូលជាង ៩០ភាគរយ​នៃពាណិជ្ជកម្មរបស់​វេណេស៊ុយអេឡា។ វិស័យ​មួយនេះ​ត្រូវបានធ្វើជាតិតូបនីយកម្មកាល​ពីឆ្នាំ២០០១ ដោយអតីត​ប្រធានាធិបតី​លោក ហ៊ូហ្គោ ឆាវែស (Hugo Chavez​) ដែលតម្រូវឱ្យក្រុមហ៊ុនបរទេស ទាំងអស់​ចូលរួមបណ្ដាក់ទុន ក្រោយ​ការគ្រប់គ្រងរបស់​ក្រុមហ៊ុន​ប្រេងរដ្ឋ PDVSA៕