(ហាណូយ)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសវៀតណាម បានដាក់ចេញនូវបម្រាមថ្មីមួយ នោះគឺរាល់បណ្តាអាកាសចរណ៍បរទេសណាក៏ដោយ មិនអាចប្រើប្រាស់យន្តហោះប្រភេទ Boeing 737 MAX 8 ហោះចូលក្នុងដែនអាកាសរបស់វៀតណាមទៀតនោះឡើយ បន្ទាប់ពីករណីធ្លាក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុននៅអេត្យូពី ដែលបានសម្លាប់ជីវិតមនុស្ស ១៥៧នាក់ និងកាលពីជាង៥ខែមុននៅឥណ្ឌូណេស៊ីដែលបានផ្តាច់ជីវិតមនុស្ស ១៨៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងគេហទំព័រផ្លូវការរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានបង្ហោះព័ត៌មានជាផ្លូវការមួយយ៉ាងដូច្នេះថា «យោងតាមការពិនិត្យ និងតាមដានរាល់ព័ត៌មាននានា ពាក់ព័ន្ធទៅនឹងប្រតិបត្តិការនៃយន្តហោះប្រភេទ Boeing 737 MAX និងដើម្បីធានាអំពីសុវត្ថិភាពនៃចរាចរណ៍ដែនអាកាស អាជ្ញាធរវៀតណាមបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរ Boeing 737 MAX ដែលត្រូវបានផ្តល់អាជ្ញាបណ្ណរួច និងមិនផ្តល់អាជ្ញាបណ្ណថ្មីទៀតឡើយ ដល់បណ្តាអាកាសចរណ៍នានា ដែលកំពុងប្រើប្រាស់យន្តហោះ Boeing 737 MAX ចូលមកក្នុងដែនអាកាស នៃប្រទេសវៀតណាម»។
សេចក្តីសម្រេចខាងលើនេះ ត្រូវបានដាក់ឲ្យអនុវត្តន៍ចាប់ពីវេលាម៉ោង ១០៖០០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នេះតទៅតែម្តងរហូតដល់សេចក្តីសម្រេចថ្មីមួយទៀតត្រូវបានធ្វើឡើង។ វាបានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប បានបញ្ជាឲ្យអាកាសចរណ៍របស់ខ្លួនទាំងអស់ផ្អាកដំណើរការយន្តហោះប្រភេទ Boeing 737 MAX នៅក្នុងតំបន់អឺរ៉ុបទាំងមូល ដោយក្នុងនោះរួមមានម៉ូដែល Boeing 737 MAX 8 និង 737 MAX 9។
គួរបញ្ជាក់ថា គ្មានអាកាសចរណ៍ក្នុងស្រុកវៀតណាមណាមួយ មានយន្តហោះប្រភេទ Boeing 737 MAX នោះឡើយ ប៉ុន្តែអាកាសចរណ៍មកពីប្រទេសថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ីសរុបចំនួនបី តែងតែធ្វើប្រតិបត្តិការយន្តហោះប្រភេទខាងលើនេះ មកកាន់ប្រទេសវៀតណាម។ ទោះបីជាបែបនេះក្តី អាកាសចរណ៍ទាំងបីប្រទេសខាងលើនេះក៏បានប្រកាសផ្អាកធ្វើប្រតិបត្តិការយន្តហោះ Boeing 737 MAX ដែលពួកគេមានរួចទៅហើយផងដែរ ក្រោយពីការកើតមានករណីធ្លាក់នៅអេត្យូពី និងផ្តាច់ជីវិតមនុស្ស ១៥៧នាក់៕