(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​កំពុងមានការព្រួយ​បារម្ភជាខ្លាំង ជុំវិញលទ្ធភាពដែលថា ប្រទេសអ៊ីតាលីអាចនឹងចូលរួម​ក្នុង​គម្រោង​ប្រកបដោយ​មហិច្ឆតា​គឺ​​ «ខ្សែក្រវាត់និងផ្លូវ» របស់ប្រទេសចិន។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩​។​

កាលពីចុង​សប្តាហ៍មុន ឧបនាយករដ្ឋមន្រ្តី​ប្រទេសអ៊ីតាលី​លោក លុយជី ឌូ ម៉ៃយ៉ូ (Luigi Di Maio) បានប្រកាសថា អ៊ីតាលីកំពុងព្យាយាម​​ចូលរួម​ក្នុង​គម្រោង «ខ្សែ​ក្រវាត់ និងផ្លូវ» ដើម្បីជំរុញសន្ទុះ​ការនាំចេញនៃប្រទេស​របស់លោក។ ​ម៉្យាងវិញទៀត​នាយករដ្ឋមន្រ្តី​អ៊ីតាលី លោក ហ្គីសិពប៉េ ខុនតេ (Giuseppe Conte) ក៏បានបញ្ជាក់ផងដែរថា លោកអាចនឹងចុះ​កិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌ​មួយ​ជាមួយ​ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង ដើម្បីចូលរួម​ក្នុង​​គម្រោង «ខ្សែ​ក្រវាត់ និងផ្លូវ»

កាលពីសប្តាហ៍​កន្លងទៅ អ្នកនាំពាក្យ​នៃក្រុមប្រឹក្សា​សន្តិសុខជាតិ​អាមេរិក លោក ហ្គារ៉េត ម៉ាឃ្វីស (Garrett Marquis) បាន​ប្រាប់​សារព័ត៌មាន Financial Times ថា គម្រោង «ខ្សែក្រវាត់​ និង​ផ្លូវ» គឺផ្តល់ប្រយោជន៍​ឲ្យតែចិន​ប៉ុណ្ណោះ ដោយអ៊ីតាលីនឹ​ងមិនទទួល​ផលឡើយ។ ​រីឯ Financial Times បានកត់​​សម្គាល់ថា សហរដ្ឋអាមេរិក​មានការមិនពេញ​ចិត្តជាខ្លាំង ដោយសារតែលទ្ធភាព​​ដែលថា អ៊ីតាលីនឹងចូលរួម​ក្នុង​គម្រោង​មួយនេះ និង​បាន​​​ព្រមានថា គម្រោង «ខ្សែក្រវាត់ ​និង​ផ្លូវ» របស់​ប្រទេសចិន​អាចបំផ្លាញ​មុខមាត់របស់អ៊ីតាលី​ នៅលើឆាក​អន្តរជាតិបាន។

សម្រាប់ចិន​ផ្ទាល់វិញ ការលើកឡើងបែបនេះរបស់​អាមេរិកត្រូវបានចាត់​ទុកថា ជារឿងមិន​សមហេតុសមផល​ទាល់តែសោះ ដោយក្រសួង​​ការ​បរទេសចិន​បានគូសបញ្ជាក់ថា អ៊ីតាលីដឹង​យ៉ាងច្បាស់អំពីផលប្រយោជន៍​របស់ពួកគេ ហើយមានសមត្ថភាព​គ្រប់គ្រាន់ ដើម្បី​អភិវឌ្ឍន៍​​គោលនយោបាយ និងឥរិយាបថ​​ដោយខ្លួន​ឯងផ្ទាល់ ចំពោះគម្រោង​ផ្តួចផ្តើម​របស់ចិនខាងលើនេះ។

គួរជម្រាបថា ទាក់ទិននឹង​បញ្ហាខាងលើបើតាមក្រុម​អ្នកវិភាគអន្តរជាតិ គឺសហរដ្ឋអាមេរិក​ភ័យព្រួយថា អ៊ីតាលីដែលជា​តំណ​ភ្ជាប់​ទន់​​ខ្សោយ​មួយ​​​នៅក្នុងសេដ្ឋកិច្ច​អឺរ៉ុប ហើយជាពិសេស​គឺក្នុងចំណោមប្រទេស​សេដ្ឋកិច្ចជឿនលឿន G7 តែម្តងនោះ អាច​នឹងក្លាយជា «សេះបញ្ឆោត Trojan» ​សម្រាប់ឲ្យចិន​ប្រើប្រាស់ ដោយក្នុង​ន័យនេះ​គឺអ៊ីតាលីអាច​អនុញ្ញាតឲ្យចិនទម្លុះចូល​ក្នុងសេដ្ឋកិច្ច​អឺរ៉ុប ហើយ​ពង្រីកឥទ្ធិពល​របស់ខ្លួន​ ដែល​នេះហើយគឺជា​អ្វី​ទីក្រុងវ៉ាស៊ីនតោន​​ព្រួយបារម្ភបំផុត​នោះ៕