(វ៉ាស៊ីនតោន)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលអាមេរិកបាននិយាយថា ការសម្រេចចិត្តផ្អាកប្រតិបត្តិការហោះហើរយន្ដហោះ Boeing 737 MAX របស់បណ្ដាប្រទេសចំនួន ៤៥ គឺធ្វើឡើងដោយគ្មានមូលដ្ឋាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South Chins Morning Post នៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។
កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន យន្ដហោះ Boeing 737 MAX 8 មានលេខជើងហោះហើរ ៣០២ របស់ Ethiopian Airlines បានធ្លាក់ក្រោយហោះឡើងបានតែ ៦នាទីចេញពីរដ្ឋធានី អេដឌីស អាបាបា (Addis Ababa) ប្រទេសអេត្យូពី ឆ្ពោះទៅកាន់រដ្ឋធានី ណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា ដោយសម្លាប់មនុស្សនៅលើនោះទាំងអស់ ១៥៧នាក់។
បន្ថែមពីលើនេះ ក្រោយសោកនាដកម្មនេះដែរបណ្ដាប្រទេសជាង ៤៥ ក្នុងនោះរួមមាន សិង្ហបុរី អូស្ត្រាលី ម៉ាឡេស៊ី ចិន អូម៉ង់ ឥណ្ឌូណេស៊ី អេត្យូពី ម៉ារ៉ុក ម៉ង់ហ្គាលី អ៊ែរឡង់ ហូឡង់ ន័រវេស អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអូទ្រីស ជាដើមសុទ្ធតែប្រកាសផ្អាករាល់ប្រតិបត្តិការយន្ដហោះត្រកូល Boeing 737 MAX ក្រោមហេតុផលសុវត្ថិភាព ខណៈសហរដ្ឋអាមេរិក និងកាណាដា នៅតែធ្វើប្រតិបត្តិការយន្ដហោះប្រភេទនេះនៅឡើយ។
តែយ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិកបានអះអាងថា ការសម្រេចចិត្តបញ្ឈរជើងយន្ដហោះ Boeing 737 MAX គឺមិនមានមូលដ្ឋាន និងមិនសមហេតុផលទាល់តែសោះ។ រដ្ឋបាលអាកាសចរណ៍អាមេរិកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «រហូតមកទល់នឹងពេលនេះ ការត្រួតពិនិត្យរបស់យើងបានបង្ហាញថា គ្មានបញ្ហាជាលក្ខណៈប្រព័ន្ធ ណាមួយកើតឡើងឡើយ ហើយក៏ពុំមានការផ្ដល់មូលដ្ឋានសមហេតុផលណាមួយ ក្នុងការសម្រេចចិត្តផ្អាកការហោះហើរយន្ដហោះ 737 MAX នោះដែរ។ លើសពីនេះទៅទៀត គ្មានអាជ្ញាធរអាកាសចរណ៍ស៊ីវិលដទៃផ្ដល់ទិន្នន័យដល់ពួកយើង ដើម្បីបញ្ជាក់ពីការ សម្រេចចិត្តរបស់ពួកគេដែរ»។
គួរបញ្ជាក់ថា ការធ្លាក់យន្ដហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines គឺជាសោកនាដកម្មលើកទីពីរហើយ បន្ទាប់ពីយន្ដហោះប្រភេទនេះនៃក្រុមហ៊ុន Lion Air ធ្លាក់នៅក្នុងសមុទ្រប្រទេសឥណ្ឌូណេស៊ី និងផ្ដាច់ជីវិតមនុស្ស ១៨៩នាក់ កាលពីខែតុលា ឆ្នាំ២០១៨។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមានការសង្ស័យថា យន្តហោះដែលបានធ្លាក់ទាំងពីរគ្រឿងនៅក្នុងរយៈពេលតែជាង៥ខែនេះ បានជួបប្រទះបញ្ហាដូចគ្នា ទៅលើប្រព័ន្ធចង្អុលប្រាប់ទិសស្វ័យប្រវត្តិ ដែលជាហេតុបង្ខំឲ្យអាកាចរណ៍នានាជុំវិញពិភពលោកមានការភ័យខ្លាច និងផ្អាកដំណើរការយន្តហោះ MAX 8 ដែលខ្លួនមានសិន ដើម្បីរង់ចាំការបញ្ជាក់ពីបទដ្ឋានសុវត្ថិភាពជាថ្មី៕