(ម៉ូស្គូ)៖ ខណៈវត្តមានរបស់បណ្ដាប្រទេសដទៃ កំពុងកើនឡើងនៅឯទីប្រជុំកោះ ស្វាលបាដ (Svalbard) នៃតំបន់សមុទ្រទឹកកកអាក់ទិច (Arctic) អាជ្ញាធរន័រវេសបាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបង្កើនសកម្មភាពវិទ្យាសាស្ត្ររបស់ខ្លួន នៅលើទីប្រជុំកោះនេះ ខណៈប្រទេសចិនវិញក៏ដូចគ្នាផងដែរ។ នេះបើតាមការផ្សាយរបស់ ក្លាសេកាំភែន (Klassekampen) ដកស្រង់ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មានន័រវេស Klassekampen អាជ្ញាធរន័រវេសចង់ឱ្យការសិក្សាស្រាវជ្រាវ ត្រូវបានកំណត់ត្រឹមតែវិទ្យាសាស្ត្រធម្មជាតិប៉ុណ្ណោះ ហើយការចុះផ្សាយការស្រាវជ្រាវគួរតែធ្វើឡើងជាភាសាអង់គ្លេស។ ម្យ៉ាងវិញទៀត ន័រវេសនឹងមិនទទួលស្គាល់ស្ថានីយបរទេសណាមួយឡើយ បើសិនមិនប្រើឈ្មោះជាភាសាន័រវេស។ ប៉ុន្តែសំណើទាំងនេះ បានធ្វើឱ្យចិនមានការមិនពេញចិត្តជាខ្លាំង ខណៈទីក្រុងប៉េកាំងកំពុងដំណើរការគម្រោងជាង ៨០ ពាក់ព័ន្ធនឹងជីវសាស្ត្រ និងការសិក្សាសង្គមជាដើម នៅលើទីប្រជុំកោះ Svalbard។
បន្ថែមពីលើនេះវិទ្យាស្ថានវិទ្យាសាស្ត្រស្រាវជ្រាវតំបន់ប៉ូលរបស់ចិន Chinese Polar Instutue ក៏បានបញ្ជាក់ថា ស្ថានីយទន្លេលឿង (Yellow River) មិនចង់ផ្លាស់ប្ដូរឈ្មោះរបស់ខ្លួនឡើយ ហើយថាពួកគេនឹងរក្សាសិទ្ធិក្នុងការស្រាវជ្រាវ ដោយផ្អែកលើច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា បច្ចុប្បន្នទីប្រជុំកោះ Svalbard គឺជាទីជម្រកសម្រាប់អ្នកស្រាវជា្រវជាង ១,០០០នាក់មកពីជាង ២០០ស្ថាប័ននៃប្រទេស ចំនួន ៣០ នៅលើសកលលោក។ តំបន់ប៉ូលខាងជើង ក៏មិនសូវខុសពីប៉ូលខាងត្បូងនោះដែរ គឺស្ថិតនៅក្រោមការគាំពារពីច្បាប់អន្តរជាតិ ដែលប្រទេសមានសមត្ថភាពនានា អាចស្នើសុំធ្វើការស្រាវជ្រាវបាន៕