(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក មានគម្រោងចំណាយប្រាក់ ២.៦ពាន់លានដុល្លារលើការអភិវឌ្ឍអាវុធលឿនជាងសំឡេង និងអាវុធវៃឆ្លាត ខណៈអ្នកជំនាញជាច្រើនបានព្រមានថា ការរត់ប្រណាំងសព្វាវុធនៃសង្រ្គាមត្រជាក់ រវាងមហាអំណាចយោធាទាំង ២ អាមេរិក និងរុស្ស៊ីអាចនឹងផ្ទុះឡើងជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។
សារព័ត៌មាន Russian Today ផ្អែកលើការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិស្ដីទីអាមេរិក លោក ផាទ្រីក ហ្សាណាហាន (Patrick M. Shanahan) នាពេលថ្មីនេះ បានបញ្ជាក់ទៀតថា មន្ទីរបញ្ចកោណត្រូវការកញ្ចប់ថវិកាយោធាបន្ថែមជាង ៧៥០ពាន់ដុលា្លរ ពោលគឺច្រើនជាង ៥ភាគរយ បើធៀបទៅនឹងកញ្ចប់ថវិការយោធា ៧១៦ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៩។ លើសពីនេះទៅទៀត ក្នុងចំណោមថវិកាយោធានេះ មន្ទីរបញ្ចកោណត្រូវការប្រាក់ ២.៦ពាន់លានដុល្លារយកទៅអភិវឌ្ឍន៍អាវុធលឿនជាងសំឡេង ខណៈ៣.៧ពាន់ដុល្លារសម្រាប់ប្រភេទអាវុធឆ្លាតវៃ។
គួរបញ្ជាក់ថា បច្ចុប្បន្នរុស្ស៊ី និងសហរដ្ឋអាមេរិកកំពុងចាប់ផ្ដើមនីតិវិធី ដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF ជាផ្លូវការ បន្ទាប់ពីបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកថា មានលួចលាក់ផលិតមីស៊ីលដែលត្រូវបានហាមឃាត់ក្បត់នឹងសន្ធិសញ្ញានេះ ខណៈទីក្រុងម៉ូស្គូទើបតែប្រកាសថា ខ្លួនផលិតបាន និងសាកល្បងដោយជោគជ័យនូវមីស៊ីលលឿនជាងសំឡេងដែលមានអានុភាពខ្លាំងក្លាបំផុត៕