អាកាសចរណ៍អឺរ៉ុបប្រកាសផ្អាករាល់ការហោះហើររបស់យន្ដហោះ Boeing 737 MAX
13-03-2019 09:24
(អឺរ៉ុប)៖ ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ស៊ីវិលសហភាពអឺរ៉ុប បានប្រកាសផ្អាករាល់ប្រតិបត្តិការហោះហើររបស់យន្ដហោះ Boeing 737 MAX ហើយ បន្ទាប់ពីសោកនាដកម្មធ្លាក់យន្ដហោះនៅអេត្យូពី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។
ការសម្រេចចិត្តខាងលើធ្វើឡើង ក្រោយយន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់ ជាលើកទី២ក្នុងរយៈពេលតែជាង៥ខែប៉ុណ្ណោះ បន្ទាប់ពីយន្ដហោះប្រភេទនេះដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Lion Air ធ្លាក់នៅក្នុងសមុទ្រ ប្រទេសឥណ្ឌូណេស៊ីផ្ដាច់ជីវិតមនុស្ស១៨៩នាក់កាលពីខែតុលា ឆ្នាំ២០១៨។
គួរជម្រាបថា កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន យន្ដហោះ Boeing 737 MAX 8 មានលេខជើងហោះហើរ៣០២ របស់ Ethiopian Airlines បានធ្លាក់ក្រោយហោះឡើងបានបន្តិចចេញពីរដ្ឋធានី Addis Ababa ប្រទេសអេត្យូពី ឆ្ពោះទៅកាន់រដ្ឋធានី Nairobi ប្រទេសកេនយ៉ា ដោយសម្លាប់មនុស្សនៅលើនោះទាំងអស់១៥៧នាក់។
ចំណែកឯ ប្រទេសជាច្រើនក្នុងនោះរួមមាន សិង្ហបុរី អូស្ត្រាលី ម៉ាឡេស៊ី ចិន អូម៉ង់ ឥណ្ឌូណេស៊ី អេត្យូពី ម៉ារ៉ុក ម៉ង់ហ្គាលី អ៊ែរឡង់ ហូឡង់ ន័រវេស អាល្លឺម៉ង់ បារាំង អ៊ីតាលី និងអូទ្រីស សុទ្ធតែប្រកាសផ្អាករាល់ប្រតិបត្តិការយន្ដហោះត្រកូល Boeing 737 MAX ខណៈសហរដ្ឋអាមេរិក និងកាណាដា នៅតែប្រតិបត្តិការយន្ដហោះប្រភេទនេះនៅឡើយ ហើយមកទល់នឹងពេលនេះ មូលហេតុធ្លាក់ យន្ដហោះពិតប្រាកដនៅអេត្យូពី ក៏មិនទាន់ត្រូវបានបញ្ជាក់ដែរ៕