(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ក្រសួងការពារជាតិអាមេរិក បានឱ្យដឹងនៅក្នុងសប្ដាហ៍នេះថា ខ្លួននឹងចាប់ផ្ដើមផលិតគ្រឿងបន្លាស់សម្រាប់ការធ្វើ តេស្ដប្រព័ន្ធមីស៊ីលបាញ់ចេញពីដី ដែលដំបូងឡើយស្ថិតក្រោមបម្រាម នៃសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ (INF) រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក៕
២៖ ប្រធានសភាអាមេរិកនៃគណបក្សប្រជាធិបតេយ្យ លោកស្រី ណេនស៊ី ប៉េឡូស៊ី (Nancy Pelosi) បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនចាំបាច់ដេកភ័យខ្លាចគេទម្លាក់ចេញពីតំណែងនោះទេ ព្រោះលោកមិនមានតម្លៃអ្វីដែលតម្រូវឱ្យគេធ្វើដូច្នេះឡើយ៕
៣៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) បានឲ្យដឹងនាថ្ងៃអង្គារនេះថា រដ្ឋាភិបាលរបស់លោកកំពុងតែពិចារណាថា គួរតែបិទលក់ ឬផ្តល់ហិរញ្ញវប្បទានឡើងវិញទាក់ទិននឹងអាកាសចរណ៍ជាតិ Malaysia Airlines៕
៤៖ សារព័ត៌មានចិន Global Times បានរាយការណ៍ថា ឧទ្ធម្ភាគចក្រទម្ងន់ ៤០តោនដំបូងបំផុតដែលអភិវឌ្ឍន៍រួមគ្នាដោយរុស្ស៊ី និងចិននឹងត្រូវផលិតរួចរាល់ទាំងស្រុងនៅឆ្នាំ២០៣២៕
៥៖ ប្រធានអង្គការ NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) បានសាទរចំពោះសំណើកញ្ចប់ថវិកាឆ្នាំ២០២០ សម្រាប់ទីភ្នាក់ងារអវកាសអាមេរិកនេះ របស់រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយលោកបានលើកឡើងថា វានឹងជួយឲ្យស្ថាប័នរបស់លោកសម្រេចគោលដៅឆ្ពោះទៅកាន់ឋានព្រះច័ន្ទ ហើយបន្តទៅភពអង្គារ (Mars) ថែមទៀត៕
៦៖ ក្រសួងការពារជាតិចិនបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា យន្តហោះចម្បាំងចិនមួយគ្រឿងបានធ្លាក់នៅក្នុងខេត្តហៃណាន (Hainan) ភាគខាងត្បូងប្រទេសនាថ្ងៃអង្គារនេះ បណ្តាលឲ្យអាកាសយានិក០២នាក់បាត់បង់ជីវិត៕