(ឡុងដ៍)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលអង់គ្លេស នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តផ្អាករាល់ប្រតិបត្តិការហោះហើរនៃយន្ដហោះ Boeing 737 Max 8 នៅក្នុងដែនអាកាសរបស់ខ្លួន បន្ទាប់ពីមនុស្ស១៥៧នាក់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ ប្រភេទនេះនៅឯប្រទេសអេត្យូពី ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសកេនយ៉ា កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។
យន្តហោះរបស់អាកាសចរណ៍ Ethiopian Airlines គឺជាប្រភេទយន្តហោះ Boeing 737 MAX 8 ដូចគ្នាទៅនឹងយន្តហោះរបស់អាកាសចរណ៍ក្នុងស្រុកឥណ្ឌូណេស៊ី Lion Air ដែលបានធ្លាក់កាលពីខែតុលា ឆ្នាំ២០១៨ និងផ្តាច់ជីវិតមនុស្សទាំងអស់ដូចគ្នា ដោយនៅលើយន្តហោះ Ethiopian Airlines មានមនុស្ស ១៥៧នាក់។ រីឯលើយន្តហោះ Lion Air មានមនុស្ស ១៨៩នាក់ ហើយករណីទាំងនេះនេះ ត្រូវបានគេកត់សម្គាល់ឃើញមានលក្ខណៈស្រដៀងគ្នាមួយចំនួន ទោះបីលទ្ធផលស៊ើបអង្កេតផ្លូវការ អំពីមូលហេតុមិនទាន់ដឹងច្បាស់ក៏ដោយ។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ក្រៅពីអង់គ្លេស ចិន ឥណ្ឌូណេស៊ី សិង្ហបុរី កូរ៉េខាងត្បូង អូម៉ង់ ម៉ុងហ្គោលី និងម៉ាឡេស៊ី ក៏បានប្រកាសផ្អាកប្រតិបត្តិការហោះហើររបស់យន្ដហោះ Boeing ត្រកូល 737 MAX 8 ផងដែរខណៈការស៊ើបអង្កេត កំពុងដំណើរការនៅឡើយ៕