(គូឡាឡាំពួរ)៖ អាជ្ញាធរម៉ាឡេស៊ី នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តផ្អាកប្រតិបត្តិការហោះហើរនៃយន្ដហោះ Boeing 737 Max 8 ហើយ បន្ទាប់ពីមនុស្ស១៥៧នាក់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះប្រភេទនេះនៅឯប្រទេសអេត្យូពី ក្នុងដំណើរផ្លូវឆ្ពោះ ទៅកាន់ប្រទេសកេនយ៉ា កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។

យន្តហោះរបស់​អាកាសចរណ៍ Ethiopian Airlines គឺជាប្រភេទ​យន្តហោះ Boeing 737 MAX 8 ដូចគ្នាទៅនឹងយន្តហោះ​របស់​អាកាសចរណ៍ក្នុងស្រុក​ឥណ្ឌូណេស៊ី Lion Air ដែលបានធ្លាក់​កាលពីខែតុលា ឆ្នាំ២០១៨ និងផ្តាច់ជីវិតមនុស្ស​ទាំងអស់ដូចគ្នា​ ដោយនៅលើ​យន្តហោះ Ethiopian Airlines មានមនុស្ស ១៥៧នាក់។ រីឯលើយន្តហោះ Lion Air មានមនុស្ស ១៨៩នាក់ ហើយ​ករណី​​ទាំងនេះនេះ ត្រូវបានគេ​កត់សម្គាល់ឃើញ​មានលក្ខណៈ​ស្រដៀង​គ្នាមួយចំនួន ទោះបីលទ្ធផល​ស៊ើបអង្កេតផ្លូវការ​ អំពីមូលហេតុ​មិនទាន់ដឹង​ច្បាស់ក៏​ដោយ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ចិន ឥណ្ឌូណេស៊ី សិង្ហបុរី កូរ៉េខាងត្បូង អូម៉ង់ ម៉ុងហ្គោលី និងម៉ាឡេស៊ី បានប្រកាសផ្អាក ប្រតិបត្តិការហោះហើររបស់យន្ដហោះ Boeing ត្រកូល 737 MAX 8 ខណៈការស៊ើបអង្កេតតាមរយៈប្រអប់ខ្មៅពីមូលហេតុធ្លាក់ យន្ដហោះនៅអេត្យូពី កំពុងដំណើរការនៅឡើយ៕