(ហាណូយ)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសវៀតណាម នាថ្ងៃអង្គារនេះបានឲ្យដឹងថា ខ្លួននឹងមិនផ្តល់អាជ្ញាបណ្ណអនុញ្ញាតឲ្យយន្តហោះ Boeing 737 MAX 8 ធ្វើប្រតិបត្តិការនៅក្នុងប្រទេសអាស៊ាននេះឡើយ បន្ទាប់ពីយន្តហោះម៉ូដែលនេះចំនួន០២គ្រឿងមកហើយនៅឯប្រទេសដទៃ បានធ្លាក់ក្នុងរយៈពេលឃ្លាតពីគ្នាត្រឹមតែ០៥ខែប៉ុណ្ណោះ និងគ្មានបន្សល់ទុកអ្នកនៅរស់រានជីវិតសូម្បីតែម្នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។
ប្រធានអាកាសចរណ៍ស៊ីវិលវៀតណាម លោក Dinh Viet Thang បាននិយាយដូច្នេះថា «យើងនឹងមិនផ្តល់អាជ្ញាបណ្ណសម្រាប់ការប្រើប្រាស់យន្តហោះម៉ូដែលនេះឡើយ (Boeing 737 MAX 8) រហូតទាល់តែមូលហេតុផ្លូវការនៅក្រោយការធ្លាក់យន្តហោះទាំងពីរគ្រឿងនៅឥណ្ឌូណេស៊ីនិងអេត្យូពី ត្រូវបានកំណត់រកឃើញច្បាស់ ហើយមានចំណាត់ការប៉ះប៉ូវដោះស្រាយពីអាជ្ញាធរអាកាសចរណ៍របស់សហរដ្ឋអាមេរិក FAA»។
បើតាមលោក Thang បច្ចុប្បន្ន ពុំមានអាកាសចរណ៍វៀតណាមណាកំពុងប្រើប្រាស់យន្តហោះ MAX 8 ឡើយ ខណៈយន្តហោះដែលប្រើទូទៅ មានដូចជា A350-900, A320, A312 របស់ក្រុមហ៊ុន Airbus រួមទាំង 787-9 Dreamliner និង 747 របស់ Boeing ជាដើម។ ប៉ុន្តែកាលពីខែកុម្ភៈកន្លងទៅ អាកាសចរណ៍វៀតណាម VietJet Air បានបញ្ជាទិញត្រកូត Boeing 737 MAX ដល់ទៅ១០០គ្រឿង ក្នុងតម្លៃ១២.៧ពាន់លានដុល្លារ ក្នុងនោះ៨០គ្រឿងជា 737 MAX 10 និង ២០គ្រឿងជា MAX 8។
គួរជម្រាបថា ទន្ទឹមគ្នានេះដែរ ប្រទេសមួយចំនួនដូចជា ចិន ម៉ុងហ្គោលី ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង សិង្ហបុរី អូស្រ្តាលី ព្រមទាំងអាកាសចរណ៍នៅតាមប្រទេសខ្លះទៀត រួមមានអាកាសចរណ៍ Ethiopian Arlines របស់អេត្យូពីផ្ទាល់ បានចាប់ផ្តើមផ្អាកការហោះហើរនៃយន្តហោះ Boeing 737 MAX 8 ជាបណ្តើរៗ ខណៈប្រទេសមួយចំនួនវិញ រួមមានអាមេរិក កាណាដា និងរុស្ស៊ី ជាដើម នៅតែបន្តហោះហើរយន្តហោះម៉ូដែលនេះជាធម្មតា៕