(ឡាហាវ៉ាន់)៖ រដ្ឋាភិបាលគុយបាបានទាត់ចោល ការចោទប្រកាន់របស់ក្រុមមន្រ្តីជាន់ខ្ពស់អាមេរិក ដែលថាគុយបាបាននិងកំពុងបន្តទ្រជើងប្រធានាធិបតីអាមេរិកវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ហើយមកទល់ពេលនេះ គុយបាមានកងទ័ពដល់ទៅ២៥,០០០នាក់នៅក្នុងប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។
សេចក្តីប្រកាសនៃរដ្ឋាភិបាលគុយបា បានលើកឡើងយ៉ាងដូច្នេះថា «គុយបាទទួលយកពុំបានជាដាច់ខាត ចំពោះពាក្យសម្តីកុហកឥតកេរ្តិ៍ខ្មាសនេះ និងទាត់ចោលនូវការចោទប្រកាន់ទាំងឡាយដែលថា គុយបាកំពុងតែជួយទប់ជួយទ្រប្រទេសវេណេស៊ុយអេឡា។ ទំនាក់ទំនងរបស់យើងទាំងពីរ គឺឈរលើការគោរព និងការរួមសាមគ្គីទៅវិញទៅមក»។ បើតាមគុយបាផ្ទាល់ បច្ចុប្បន្នមានវេជ្ជបណ្ឌិត និងអ្នកប្រឹក្សារបស់គុយបាជាង ២០,០០០នាក់នៅវេណេស៊ុយអេឡាប៉ុណ្ណោះ។
ជាមួយគ្នានេះគុយបាបាននិយាយថា សហរដ្ឋអាមេរិកំពុងតែដឹកនាំសង្រ្គាម និងការបះបោរប្រឆាំងលោក ម៉ាឌូរ៉ូ ខណៈទង្វើថ្មីចុងក្រោយបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន គឺការដាច់ចរន្តអគ្គិសនីនៅស្ទើរទូទាំងប្រទេសវេណេស៊ុយអេឡា ដែលបានបន្តអូសបន្លាយតាំងតែពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ជុំវិញបញ្ហាដាច់ចរន្តអគ្គិសនីនេះ រដ្ឋាភិបាលវេណេស៊ុយអេឡាបានអះអាងថា គឺមានអាមេរិកជាអ្នកនៅពីក្រោយ ខណៈទីក្រុងវ៉ាស៊ីនតោន និងក្រុមបក្សប្រឆាំងបាននិយាយថា វាបណ្តាលមកពីអំពើពុករលួយ និងការមិនចេះគ្រប់គ្រងប្រទេស៕