(វ៉ាស៊ីនតោន)៖ ប្រធានអង្គការ NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) បានសាទរចំពោះសំណើកញ្ចប់ថវិកាឆ្នាំ២០២០ សម្រាប់ទីភ្នាក់ងារអវកាសអាមេរិកនេះ របស់រដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ ដោយលោកបានលើកឡើងថា វានឹងជួយឲ្យស្ថាប័នរបស់លោកសម្រេចគោលដៅឆ្ពោះទៅកាន់ឋានព្រះច័ន្ទ ហើយបន្តទៅភពអង្គារ (Mars) ថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅរសៀលថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។
ទាក់ទិននឹងបេសកកម្មវិលត្រឡប់ទៅកាន់ព្រះច័ន្ទ លោក Bridenstine បានផ្តោតជាសំខាន់ទៅលើ Gateway ឬ Luna Orbital Platform-Gateway (ពីមុនគេហៅថា Deep Space Gateway) ដែលជាស្ថានីយអវកាស Outpost មួយនៅក្បែរព្រះច័ន្ទសម្រាប់បម្រើជាស្ថានីយច្រកផ្លូវ ដើម្បីបន្តឆ្ពោះទៅចុះលើផ្ទៃព្រះច័ន្ទ និងជាស្ថានីយស្រាវជ្រាវមួយ។ លោក Bridenstine បានបញ្ជាក់ថា គម្រោង Gateway ទទួលបានការផ្គត់ផ្គង់ពេញលេញ នៅក្នុងសំណើកញ្ចប់ថវិកាខាងលើ។
បើតាមលោក Bridenstine សំណើកញ្ចប់ថវិកាក៏បានផ្តល់ការផ្គត់ផ្គង់ពេញលេញដល់ បេសកកម្ម Mars 2020 និងបេសកកម្មមួយផ្សេងទៀត ដែលអាចប្រព្រឹត្តទៅឆាប់បំផុតនៅឆ្នាំ២០២៦ ដើម្បីប្រមែប្រមូលនិងនាំយកគំរូស្លាកស្នាមពី Mars ត្រឡប់មកកាន់ផែនដីផងដែរ៕