(ម៉ូស្គូ)៖ សារព័ត៌មានចិន Global Times បានរាយការណ៍ថា ឧទ្ធម្ភាគចក្រទម្ងន់ ៤០តោនដំបូងបំផុតដែលអភិវឌ្ឍន៍រួមគ្នាដោយរុស្ស៊ី និងចិននឹងត្រូវផលិតរួចរាល់ទាំងស្រុងនៅឆ្នាំ២០៣២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។
សេចក្ដីរាយការណ៍ខាងលើរបស់ Global Times ធ្វើឡើងដោយផ្អែកលើលោក វូ ស៊ីមីង (Wu Ximing) ដែលជាប្រធានក្រុមរចនាមកពីឧស្សាហកម្មអាកាសចរណ៍ចិន។ លោក Wu បានបញ្ជាក់យ៉ាងដូច្នេះថា «រុស្ស៊ីមានបទពិសោធន៍យ៉ាងច្រើនក្នុងការផលិតឧទ្ធម្ភាគចក្រ ទម្ងន់ ៤០តោនឡើងទៅ ជាឧទាហរណ៍ដូចជាឧទ្ធម្ភាគចក្រ Mi-26 ដែលមានទម្ងន់ ៥៦តោន... ដូច្នេះយើងចង់ប្រើឱកាសនេះដើម្បី ដកស្រង់បទពិសោធន៍ពីរុស្ស៊ី»។
គួរបញ្ជាក់ថា បច្ចុប្បន្នគេមិនទាន់ដឹងច្បាស់នៅឡើយទេថា ម៉ាស៊ីនប្រភេទនឹងត្រូវប្រើសម្រាប់ឧទ្ធម្ភាគចក្រស៊េរីថ្មីនេះ។ ប៉ុន្តែបើតាម Global Times ម៉ាស៊ីនដែលប្រើក្នុងឧទ្ធម្ភាគចក្រ MI-26 អាចនឹងក្លាយជាជម្រើសមួយដ៏ល្អ៕