(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិ ( CEO) ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing លោក ដេននីស មុយឡេនប៊ឺក (Dennis Muilenburg) បាននិយាយថា នៅតែមានទំនុកចិត្ដដដែលលើយន្ដហោះត្រកូល 737 MAX ដែលជាយន្ដហោះមានសុវត្ថិភាពបំផុត បើទោះជាយន្ដហោះប្រភេទ នេះទើបតែធ្លាក់ជាលើកទី ២ នៅឯប្រទេសអេត្យូពីក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។
លោក Dennis Muilenburg ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសារ E-mail មួយផ្ញើជូនបុគ្គលិក Boeing ដែលសារព័ត៌មាន Reuters ទទួលបាន។ នាយកប្រតិបត្តិរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនៅតែមានទំនុកចិត្តថា 737 MAX គឺជាយន្ដហោះមានសុវត្ថិភាពជាងគេបំផុត ហើយយើងជឿជាក់ផងដែរលើបុរស និងស្ត្រី ដែលចូលរួមរចនា និងផលិតវាឡើង»។ លោក Muilenburg បន្ថែមថា យន្ដហោះត្រកូល MAX នេះបានធ្វើការហោះហើររាប់រយជើងប្រកបដោយសុវត្ថិភាព ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការកាលពីឆ្នាំ២០១៧។
ដោយឡែកនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន Boeing ថែមទាំងបានសន្យាទៀតថា នឹងធ្វើបច្ចុប្បន្នភាព software ក្នុងនោះរួមមានទាំងប្រព័ន្ធគ្រប់គ្រងការហោះហើរ (Maneuvering Characteristics Augmentation System) ឬ MCAS, pilot displays, ប្រតិបត្តិការដោយដៃ និងការបណ្ដុះបណ្ដាលអាកាសយានិកជាដើម យ៉ាងយូរនៅត្រឹមខែមេសាខាងមុខនេះ។
គួរជម្រាបថា យន្ដហោះ 737 MAX 8 ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ក្រោយពីទើបហោះឡើងបានបន្តិចចេញពីអាកាសយានដ្ឋាននៃរដ្ឋធានី អេដឌីស អាបាបា (Addis Ababa) នៃប្រទេសអេត្យូពី ឆ្ពោះទៅកាន់រដ្ឋធានី ណៃរ៉ូប៊ី (Nairobi) របស់ប្រទេសកេនយ៉ា។ សោកនាដកម្មនេះផ្ដាច់ជីវិតមនុស្សទាំងអស់ ១៥៧នាក់ ហើយវាគឺជាលើកទី ២ បន្ទាប់ពីយន្ដហោះ 737 MAX 8 នៃក្រុមហ៊ុនអាកាសចរណ៍ Lion Air 737 ធ្លាក់នៅចូលសមុទ្រនៅប្រទេសឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០១៨ ដោយ សម្លាប់មនុស្សជិះនៅលើនោះទាំងអស់ ១៨៩នាក់។
ប្រអប់ខ្មៅទាំងពីរនៃយន្ដហោះ ដែលបានធ្លាក់ខ្ទេចខ្ទីមើលលែងយល់នៅឯប្រទេសអេត្យូពី ត្រូវបានគេរកឃើញហើយ ខណៈការសន្និដ្ឋានបឋមបញ្ជាក់ថា បញ្ហាបច្ចេកទេសគឺជាមូលហេតុធ្លាក់ ពោលគឺដូចគ្នាទៅនឹងមូលហេតុធ្លាក់នៅឥណ្ឌូណេស៊ីដែរ។ ចំណែកឯប្រទេសឥណ្ឌូណេស៊ី ម៉ុងហ្គោលី សិង្ហបុរី កូរ៉េខាងត្បូង និងចិនព្រមទាំងអាកាសចរណ៍មួយចំនួនទៀតលើលោកបានប្រកាសផ្អាកប្រតិបត្តិការហោះហើរ នៃយន្ដហោះ 737 MAX 8 ដើម្បីធ្វើការត្រួតពិនិត្យបច្ចេកទេសឡើងវិញជាចម្បង៕