(ប៉ារីស)៖ ប្រទេសមួយចំនួនបានចាប់ផ្តើមបញ្ឈរជើងយន្តហោះម៉ូដែល 737 MAX 8 របស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ជាបណ្តើរៗហើយ ក្រោយការធ្លាក់យន្តហោះរបស់អាកាសចរណ៍អេត្យូពីរ Ethiopian Airlines កាលពីថ្ងៃអាទិត្យ ដែលជាការធ្លាក់លើកទីពីរហើយនៃយន្តហោះស៊េរីថ្មីនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។
យន្តហោះរបស់អាកាសចរណ៍ Ethiopian Airlines គឺជាប្រភេទយន្តហោះ Boeing 737 MAX 8 ដូចគ្នាទៅនឹងយន្តហោះរបស់អាកាសចរណ៍ក្នុងស្រុកឥណ្ឌូណេស៊ី Lion Air ដែលបានធ្លាក់កាលពីខែតុលា ឆ្នាំ២០១៨ និងផ្តាច់ជីវិតមនុស្សទាំងអស់ដូចគ្នា ដោយនៅលើយន្តហោះ Ethiopian Airlines មានមនុស្ស ១៥៧នាក់ រីឯលើយន្តហោះ Lion Air មានមនុស្ស ១៨៩នាក់ ហើយករណីទាំងនេះនេះ ត្រូវបានគេកត់សម្គាល់ឃើញមានលក្ខណៈស្រដៀងគ្នាមួយចំនួន ទោះបីលទ្ធផលស៊ើបអង្កេតផ្លូវការ អំពីមូលហេតុមិនទាន់ដឹងច្បាស់ក៏ដោយ។
បច្ចុប្បន្នយន្តហោះដឹកអ្នកដំណើរ 737 MAX 8 ប្រមាណ ៣៥០គ្រឿង កំពុងតែធ្វើប្រតិបត្តិការនៅជុំវិញពិភពលោក ប៉ុន្តែប្រទេស និងអាកាសចរណ៍មួយចំនួន បានសម្រេចចាប់ផ្តើមផ្អាកការហោះហើរនៃយន្តហោះនេះ ខណៈខ្លះទៀតនៅតែបន្តហោះហើរពួកវាដដែល ដោយរង់ចាំលទ្ធផលស៊ើបអង្កេតទៅលើករណីធ្លាក់នៃយន្តហោះ Ethiopian Airlines ក៏ដូចជាការណែនាំផ្ទាល់ពីក្រុមហ៊ុន Boeing។
* ខាងក្រោមគឺជាបញ្ជីឈ្មោះនៃប្រទេស និងអាកាសចរណ៍ដែលបានបញ្ឈរជើងយន្តហោះ Boeing 737 MAX 8 ចាប់តាំងពីការធ្លាក់នៅអេត្យូពីនាថ្ងៃអាទិត្យសប្តាហ៍មុន៖
ចិន៖ ប្រទេសចិនបានបង្គាប់ឲ្យអាកាសចរណ៍របស់ខ្លួនទាំងអស់ ផ្អាករាល់ប្រតិបត្តិការហោះហើរនៃយន្តហោះ Boeing 737 MAX 8 ដោយសារតែគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ Ethiopian Airlines និង Lion Air ដែលមានម៉ូដែលដូចគ្នា។ ចិនគឺជាទីផ្សារធំដ៏សំខាន់ជាខ្លាំងសម្រាប់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ពោលគឺ ១ភាគ៥ នៃការប្រគល់យន្តហោះ Boeing 737 MAX 8 នៅជុំវិញពិភពលោកត្រូវបានធ្វើឡើងនៅប្រទេសចិន ហើយចិនក៏ជាអ្នកទិញវាយ៉ាងច្រើនដែរ។
ឥណ្ឌូណេស៊ី៖ ជាទីដែលយន្តហោះ Boeing 737 MAX 8 គ្រឿងដំបូង បានធ្លាក់កាលពីខែតុលា ឆ្នាំមុន បានប្រកាសអំពីការសម្រេចផ្អាករាល់ប្រតិបត្តិការនៃយន្តហោះ Boeing 737 MAX 8 ទាំង ១១គ្រឿងដែលមាននៅក្នុងប្រទេសខ្លួន។ កិច្ចការត្រួតពិនិត្យផ្នែកសុវត្ថិភាពនឹងត្រូវចាប់ផ្តើមឡើង ទៅលើយន្តហោះទាំងនោះនាថ្ងៃអង្គារនេះ។ ក្នុងចំណោម MAX 8 ទាំង ១១គ្រឿង Lion Air មាន ១០គ្រឿង ខណៈអាកាសចរណ៍ជាតិឥណ្ឌូណេស៊ី Garuda មានមួយគ្រឿង។
កូរ៉េខាងត្បូង៖ ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូងបានឲ្យដឹងថា យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍ Eastar Jet នឹងត្រូវបញ្ឈរជើង ដើម្បីរង់ចាំការត្រួតពិនិត្យសុវត្ថិភាព។
ម៉ុងហ្គោលី៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ុងហ្គោលបានបញ្ជាក់ថា ខ្លួនបានបញ្ជាឲ្យអាកាសចរណ៍ជាតិ MIAT ផ្អាកប្រតិបត្តិការ Boeing 737 MAX 8 សិន ដែលក្រុមហ៊ុនអាកាសចរណ៍នេះមានតែមួយគ្រឿងគត់។
សិង្ហបុរី៖ ប្រទេសសិង្ហបុរីបានឲ្យដឹងនាថ្ងៃអង្គារនេះថា រាល់ជើងហោះហើរនៃយន្តហោះ Boeing 737 MAX 8 ដែលចេញ និងចូលមកក្នុងប្រទេសខ្លួនត្រូវផ្អាកជាបណ្តោះអាសន្នទាំងអស់។
អាកាសចរណ៍ Ethiopian Arlines៖ ដោយសារសោកនាដកម្មកាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី Ethiopian Arlines បានសម្រេចមិនឲ្យក្រុមយន្តហោះ Boeing 737 MAX 8 ដទៃទៀតរបស់ខ្លួនបន្តការហោះហើរជាបណ្តោះអាសន្ន។
អាកាសចរណ៍ COMAIR៖ ក្រុមហ៊ុនអាកាសចរណ៍នៅអាហ្រ្វិកខាងត្បូងមួយនេះ បានឲ្យដឹងថា ខ្លួនបានសម្រេចដកយន្តហោះ 737 MAX 8 ចេញពីកាលវិភាគហោះហើរជាបណ្តោះអាសន្នសិន។
អាកាសចរណ៍ Cayman៖ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រជុំកោះ Cayman Islands ដែលជាដែនដីរដ្ឋបាលរបស់ចក្រភពអង់គ្លេស នៅឯតំបន់ការីបៀនបានបញ្ជាក់ថា ខ្លួននឹងផ្អាកជើងហោះហើរសិនសម្រាប់យន្តហោះ 737 MAX 8 ទាំង ០២គ្រឿង។
អាកាសចរណ៍ GOL៖ អាកាសចរណ៍ប្រេស៊ីល GOL បានសេចក្តីថ្លែងការណ៍ថា ខ្លួននឹងផ្អាកប្រតិបត្តិការហោះហើររបស់យន្តហោះ Boeing 737 MAX 8 ទាំង០៧គ្រឿង។
អាកាសចរណ៍ AEROMEXICO៖ អាកាសចរណ៍ម៉ិចស៊ីកូ Aeromexico បានសម្រេចបញ្ឈប់ប្រតិបត្តិការនៃយន្តហោះ 737 MAX 8 ទាំង០៦គ្រឿងរបស់ខ្លួន រហូតទាល់តែមានព័ត៌មានច្បាស់លាស់ពី ការស៊ើបអង្កេតជុំវិញករណីធ្លាក់យន្តហោះអាកាសចរណ៍ Ethiopian Airlines កាលពីថ្ងៃអាទិត្យ។
* រីឯខាងក្រោមនេះវិញ គឺជាបញ្ជីឈ្មោះនៃប្រទេសដែលនៅបន្តការហោះហើរនៃយន្តហោះ Boeing 737 MAX 8
សហរដ្ឋអាមេរិក៖ អាជ្ញាធរអាកាសចរណ៍អាមេរិក FAA បានឲ្យថា យន្តហោះ Boeing 737 MAX 8 នៅតែបន្តធ្វើប្រតិបត្តិការជាធម្មតា ប៉ុន្តែខ្លួននឹងចាត់វិធានការភ្លាមៗ បើមានបញ្ហាផ្នែកសុវត្ថិភាព។ អាកាសចរណ៍អាមេរិក Southwest Airlines ដែលមានយន្តហោះ Boeing 737 MAX 8 ដល់ទៅ ៣៤គ្រឿងបានបញ្ជាក់ថា ក្រុមហ៊ុននៅតែមានការជឿជាក់ខ្ពស់លើសុវត្ថិភាព នៃការហោះហើររបស់ក្រុមយន្តហោះ Boeing ទាំងជាង ៧៥០គ្រឿងរបស់ខ្លួន។ ចំណែកអាកាសចរណ៍ American Airlines ក៏បានគ្រោងបន្តប្រតិបត្តិការ 737 MAX 8 ទាំង ០២គ្រឿងរបស់ខ្លួនផងដែរ។
រុស្ស៊ី៖ អាកាសចរណ៍រុស្ស៊ី S7 បានឲ្យដឹងថា ខ្លួនកំពុងតាមដានការស៊ើបអង្កេត ជុំវិញករណីធ្លាក់យន្តហោះនៅអេត្យូពីយ៉ាងដិតដល់ និងកំពុងតែស្ថិតក្រោមការទាក់ទងជាមួយ Boeing ផ្ទាល់ ប៉ុន្តែពុំទទួលបានការបង្គាប់ឲ្យផ្អាកការហោះហើរ 737 MAX 8 ឡើយ។
តួកគី៖ នាយកប្រតិបត្តិរបស់អាកាសចរណ៍ Turkish Airlines ដែលមានយន្តហោះ Boeing 737 MAX 8 ចំនួន ១១គ្រឿងបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នេះនឹងនៅតែបន្តហោះហើរ MAX 8 តាមកាលវិភាគធម្មតាដដែល។
អ៊ីតាលី៖ អាកាសចរណ៍ Air Italy បានប្រកាសថា ខ្លួននឹងអនុវត្តន៍រាល់សេចក្តីណែនាំទាំងអស់ ដើម្បីធានាឲ្យបាននូវសុត្ថិភាពនិងសន្តិសុខខ្ពស់បំផុត ប៉ុន្តែទន្ទឹមនឹងនេះយន្តហោះ Boeing 737 MAX 8 ទាំងអស់នៅតែបន្តធ្វើការហោះហើរក្នុងផ្ទៃអាកាសដដែល។
អ៊ីស្លង់៖ ក្រុមហ៊ុនអាកាសចរណ៍ Icelandair មានយន្តហោះ Boeing 737 MAX 8 ចំនួន០៣គ្រឿង។ អាកាសចរណ៍បានលើកឡើងថា វាដូចជាឆាប់ពេកក្នុងការភ្ជាប់ទំនាក់ទំនងរវាងករណីធ្លាក់យន្តហោះនៅអេត្យូពី និងនៅឥណ្ឌូណេស៊ី ដូច្នេះពុំទាន់មានអ្វីគួរឲ្យព្រួយបារម្ភសម្រាប់ម៉ូដែលយន្តហោះនេះឡើយ តែអាចមានការប្រែប្រួលនាពេលខាងមុខ ដោយអាស្រ័យលើលទ្ធផលនៃការស៊ើបអង្កេត។
ន័រវែស៖ អាកាសចរណ៍ Air Shuttle ដែលមានយន្តហោះ Boeing 737 MAX 8 ចំនួន១៨គ្រឿង បានសម្រេចរក្សាការហោះហើររបស់ពួកវាដដែល។
ឌូបៃ៖ អាកាសចរណ៍ Flydubai បានប្រាប់ថា កំពុងតែឃ្លាំមើលស្ថានការណ៍ តែមានទំនុកចិត្តខ្ពស់លើសុវត្ថិភាពនៃក្រុមយន្តហោះរបស់ខ្លួន។
អូម៉ង់៖ អាកាសចរណ៍ Oman Air កំពុងតែទាក់ទងជាមួយក្រុមហ៊ុន Boeing ប៉ុន្តែយន្តហោះ 737 MAX 8 ទាំងប៉ុន្មានរបស់ខ្លួននៅតែបន្តប្រតិបត្តិការជាធម្មតាដដែល។
កាណាដា៖ អាកាសចរណ៍ធំៗពីររបស់កាណាដាគឺ Air Canada និង WestJet បានបង្ហាញការទុកចិត្តខ្ពស់ចំពោះ Boeing 737 MAX 8 ហើយយន្តហោះរបស់ខ្លួនទាំងអស់ នៅតែដំណើរការជាធម្មតាដដែល។
គួរជម្រាបថា ប្រអប់ខ្មៅទាំងពីរនៃយន្តហោះ MAX 8 របស់អាកាសចរណ៍ Ethiopian ត្រូវបានរកឃើញកាលពីថ្ងៃចន្ទម្សិលមិញ ខណៈគ្រប់គ្នាកំពុងតែរង់ចាំអ៊ុតមើលលទ្ធផលនៃការស៊ើបអង្កេត ថា តើមូលហេតុនៃការធ្លាក់ដូចគ្នាទៅនឹងករណីធ្លាក់យន្តហោះរបស់អាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air ដែលបានកើតឡើងកាលពី ០៥ខែមុនដែរ ឬក៏អត់៕