(ការ៉ាកាស់)៖ ខណៈការដាច់ចរន្តអគ្គិសនីនៅវេណេស៊ុយឡា បានឈានចូលថ្ងៃទី៥ទៅហើយនោះ អាជ្ញាធរប្រទេសអាមេរិកឡាទីនមួយនេះ បានចាប់ឃុំខ្លួនជនសង្ស័យចំនួនពីរនាក់ ដែលអាចមានជាប់ពាក់ព័ន្ធទៅដល់ការដាច់ចរន្តអគ្គិសនី នៅក្នុងរដ្ឋ ២១ ក្នុងចំណោមរដ្ឋទាំង ២៣ នៃប្រទេសវេណេស៊ុយអេឡា ខណៈបច្ចប្បន្នរដ្ឋមួយចំនួនមានភ្លើងប្រើប្រាស់ឡើងវិញ ប៉ុន្តែមិនទាំងស្រុងនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។
នៅល្ងាចថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅទីក្រុងការ៉ាកាស់) លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានថ្លែងចំពោះមុខប្រជាជនលោកក្នុងរដ្ឋធានីការ៉ាកាស់ថា «សមត្ថកិច្ចយើងបានចាប់ខ្លួនជនសង្ស័យពីរនាក់ ដែលបានព្យាយាមបំផ្លាញចរន្តផ្គត់ផ្គង់អគ្គិសនី និងទូរគមនាគមន៍នៅឯស្ថានីយវារីអគ្គិសនី ហ្គូរី (Guri dam)។ ពេលនេះពួកគេកំពុងស្ថិតនៅក្រោមការសួរចម្លើយ...»។ លោក ម៉ាឌូរ៉ូ បានចោទចំៗជាថ្មីម្តងទៀតដែរ ទៅលើប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាជាអ្នកស្ថិតនៅពីក្រោយរឿងនេះ។
គួរបញ្ជាក់ថា លោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏បានច្រានចោលផងដែរចំពោះសម្តីមេបក្សប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ (Juan Guiado) ដែលបានថ្លែងនៅក្នុងកិច្ចសម្ភាសន៍កាលពីចុងសប្តាហ៍មុនជាមួយទូរទស្សន៍អាមេរិក CNN ដោយបានទម្លាក់កំហុសលើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ថាជាអ្នកបង្កហេតុការណ៍ដាច់ចរន្តអគ្គិសនីនេះ និងធ្វើឲ្យអ្នកជំងឺនៅមន្ទីរពេទ្យចំនួន ១៧នាក់បាត់បង់ជីវិត ខណៈមួយចំនួនទៀតកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកលំបិនបំផុត។ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋដែលគ្មានអគ្គិសនីប្រើប្រាស់បានធ្លាក់មកនៅចំនួន ១៦ ក្នុងចំណោមរដ្ឋទាំងអស់ ២៣ ប៉ុន្តែអគ្គិសនីក្នុងរដ្ឋមួយចំនួន នៅតែមិនទាន់មានការផ្គត់ផ្គង់ពេញលេញឡើយ៕