(ម៉ូស្គូ)៖ យន្តហោះមួយគ្រឿងរបស់អាកាសចរណ៍រុស្ស៊ី Ural Airlines បានដែលមានគោលដៅធ្វើដំណើរឆ្ពោះមកកាន់ក្រុងម៉ូស្គូ ដោយចេញពីប្រទេសបារ៉ែន ជាមួយមនុស្សចំនួន២២៥នាក់ជិះនៅលើនោះ បានចុះចតយ៉ាងតក់ក្រហល់ នៅព្រលានយន្តហោះក្នុងទីក្រុងបាគូ (Baku) នៃប្រទេសអាហ្សឺបៃសង់ ដោយសារការសង្ស័យថាមានគ្រាប់បែកលើយន្តហោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
អ្នកនាំពាក្យអាកាសចរណ៍ Ural បានឲ្យដឹងថា យន្តហោះខាងលើដែលមានជើងហោះហើរ U6-116 គឺកំពុងឆ្ពោះមកកាន់អាកាសយានដ្ឋាន Domodedovo របស់ទីក្រុងម៉ូស្គូ នៅពេលដែលក្រុមការងាររលើយន្តហោះ ទទួលបានព័ត៌មានអំពីវត្ថុហាមឃាត់ ដែលអាចជាគ្រឿងផ្ទុះ នៅលើយន្តហោះ។ ហេតុដូច្នោះ ក្រុមការងារយន្តហោះ Airbus A-321 បានស្នើសុំធ្វើការចុះជាបន្ទាន់ នៅព្រលានយន្តហោះដែលនៅកៀកបំផុតដើម្បីឆ្លងកាត់ការឆែកឆេរ ហើយក៏បានសម្រេចចុះនៅទីក្រុង Baku តែម្តង។
បើតាមប្រភពព័ត៌មានមួយនៅអាកាសយានដ្ឋានក្នុងទីក្រុង Baku បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា មិនមានវត្ថុសង្ស័យណាមួយត្រូវបានរកឃើញនៅលើយន្តហោះឡើយ តែអ្នកដំណើរម្នាក់ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ៕