(អេត្យូពី)៖ ស្ថានីយទូរទស្សន៍រដ្ឋអេត្យូពីនៅថ្ងៃចន្ទនេះបានរាយការណ៍ថា ប្រអប់ខ្មៅមួយរបស់យន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ដែលបានធ្លាក់ក្នុងដំណើរផ្លូវហោះហើរទៅកាន់ប្រទេសកេនយ៉ា ត្រូវបានក្រុមជំនាញរកឃើញហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅល្ងាចថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
យន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយហោះឡើងបានបន្តិចចេញពីអាកាសយានដ្ឋាននៃរដ្ឋធានី អេដឌីស អាបាបា (Addis Ababa) របស់ប្រទេសអាហ្វ្រិកកណ្តាលអេត្យូពី សំដៅទៅកាន់រដ្ឋធានីណៃរ៉ូប៊ី (Nairobi) នៃប្រទេសកេនយ៉ា ដោយបានផ្ដាច់ជីវិតមនុស្សនៅលើនោះទាំងអស់ ១៥៧នាក់ ក្នុងនោះមានអ្នកដំណើរ ១៤៩នាក់ និងក្រុមបម្រើការងារលើយន្តហោះ ០៨នាក់ កាលពីថ្ងៃអាទិត្យ។
ដោយឡែកបើតាមការសន្និដ្ឋានបឋម បញ្ហាបច្ចេកទេសមួយចំនួននៃគ្រឿងម៉ាស៊ីន ឬប្រព័ន្ធបញ្ជាទិសអាចជាមូលហេតុនៅពីក្រោយសោកនាដកម្មខាងលើនេះ ហើយវាក៏ជាលើកទី ២ ផងដែរដែលយន្ដហោះត្រកូល Boeing 737 Max បានធ្លាក់ក្រោយយន្ដហោះប្រភេទនេះលើកដំបូង បានធ្លាក់ចូលសមុទ្រនៅប្រទេសឥណ្ឌូណេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ ដោយបានផ្ដាច់ជីវិតមនុស្សទាំងអស់ ១៨៩នាក់។
ជុំវិញសោកនាដកម្មនេះលោក ហ្គេប្រេម៉ារីយ៉ាម (Gebremariam) ជានាយកប្រតិបត្តិ (CEO) របស់អាកាសចរណ៍ Ethiopian Airlinesបានបញ្ជាក់ថា «តាមពិតទៅយន្តហោះ Boeing ខាងលើនេះ ទើបតែបានសម្រាកបីម៉ោងប៉ុណ្ណោះ ក្រោយពីវាបានហោះមកពីទីក្រុងចូហាន់ណែសប៊ឺក នៃប្រទេសអាហ្វ្រិកខាងត្បូង នៅព្រឹកព្រលឹមថ្ងៃកើតហេតុ ប៉ុន្តែក្រុមត្រួតពិនិត្យមុនការហោះហើរ ពុំបានរកឃើញភាពមិនប្រក្រតីអ្វីឡើយ មុនការគ្រោងហោះហើរបន្តទៅកេនយ៉ា...»។
បន្ថែមពីនេះទៀត មុនពេលធ្លាក់ប៉ុន្មាននាទី ពីឡុតដែលបញ្ជាការនៅលើនោះបានព្យាយាមទាក់ទងទៅអាកាសយានដ្ឋាន Addis Ababa ដើម្បីស្នើសុំបកត្រឡប់ក្រោយវិញ ក្រោយពីទើបបានហោះចេញមកបន្តិច ព្រោះពួកគេបានជួបប្រទះបញ្ហាបច្ចេកទេសមួយចំនួននៃម៉ាស៊ីនយន្តហោះ ដែលពិបាកនឹងដោះស្រាយ។
គួរបញ្ជាក់ថា ក្រោយសោកនាដកម្មនេះ ចិន អេត្យូពី និងម៉ុងហ្គោលីបានប្រកាសផ្អាកប្រតិបត្តិការហោះហើរនៃយន្ដហោះត្រកូល Boeing 737 Max ខណៈក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសដទៃទៀតកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើប្រតិបត្តិការនៃ យន្ដហោះប្រភេទនេះ៕