(សិង្ហបុរី)៖ ក្រុមហ៊ុនអាកាសចរណ៍ SilkAir របស់សិង្ហបុរីបានឲ្យដឹងនាថ្ងៃចន្ទនេះថា យន្តហោះប្រភេទ Boeing 737 MAX 8 របស់ខ្លួន កំពុងបន្តធ្វើប្រតិបត្តិការជាធម្មតា ប៉ុន្តែអាកាសចរណ៍ក៏កំពុងតាមឃ្លាំមើលស្ថានការណ៍យ៉ាងដិតដល់ ក្រោយសោកនាដកម្មធ្លាក់យន្តហោះស៊េរីថ្មីនេះរបស់អាកាសចរណ៍អេត្យូពី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
SilkAir ដែលជាអាកាសចរណ៍ថ្នាក់តំបន់របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airlines បានឲ្យដឹងថា ពួកគេកំពុងតែតាមដានស្ថានការណ៍យ៉ាងដិតដល់ ខណៈដែលយន្តហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុន បន្តធ្វើប្រតិបត្តិការតាមកាលវិភាគជាធម្មតា។ បច្ចុប្បន្ន SilkAir មាន Boeing 737 MAX 8 ចំនួន ០៦គ្រឿង និង ៣១គ្រឿងទៀតស្ថិតក្រោមការបញ្ជាទិញ។ បើតាមវែបសាយតាមដានសេវាជើងហោះហើរ Flightradar24 យន្តហោះទាំង ០៦គ្រឿងនេះ មានគោលដៅធ្វើដំណើរឆ្ពោះទៅកាន់គោលដៅខុសៗគ្នា នៅក្នុងតំបន់អាស៊ី និងអូស្រ្តាលី។
គួរជម្រាបថា នៅថ្ងៃអាទិត្យម្សិលមិញនេះ យន្តហោះមានជើងហោះហើរ ET302 របស់អាកាសចរណ៍ Ethiopian Airlines ដែលជាប្រភេទ Boeing 737 MAX 8 បានធ្លាក់ក្រោយហោះឡើងផុតពីដីតែប៉ុន្មាននាទីប៉ុណ្ណោះ ពីព្រលានយន្តហោះនៅឯរដ្ឋធានី Addis Ababa ដែលបណ្តាយឲ្យមនុស្សនៅលើនោះ ១៥៧នាក់ស្លាប់ទាំងអស់។
ហេតុការណ៍ខាងលើនេះ គឺជាករណីធ្លាក់ជាលើកទីពីរហើយ នៃយន្តហោះ 737 MAX 8 របស់ក្រុមហ៊ុន Boeing ដែលជាម៉ូដែលថ្មីទើបតែបានធ្វើហោះហើរជាលើកដំបូងកាលពីឆ្នាំ២០១៧ប៉ុណ្ណោះ ដោយកន្លងមកយន្តហោះនេះ បានលេចមុខព្រោងព្រាតនៅលើបណ្តាញសារព័ត៌មាន គឺពីព្រោះតែក្តីព្រួយបារម្ភផ្នែកសុវត្ថិភាព ក្រោយការធ្លាក់យន្តហោះរបស់អាកាសចរណ៍ Lion Air ដែលបានផ្តាច់ជីវិតមនុស្សទាំងអស់ដូចគ្នាគឺ ១៨៩នាក់ ក្រោយហោះចេញពីទីក្រុងហ្សាការតាបានត្រឹម ១៣នាទី ហើយធ្លាក់ចូលទៅក្នុងសមុទ្រ៕