(ការ៉ាកាស់)៖ មេបក្សប្រឆាំងដែលប្រកាសតែងតាំងខ្លួនឯង ជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី លោក ហ្សាន ហ្គៃដូ (Juan Guaido) បានអះអាងថា មនុស្សយ៉ាងហោចណាស់ ១៧នាក់ បានស្លាប់មានជាប់ពាក់ព័ន្ធនឹងការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស ហើយ ថានេះគឺជាការទទួលខុសត្រូវទាំងស្រុងរបស់រដ្ឋាភិបាល លោក នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
លោក Juan Guaido ធ្វើការកត់សម្គាល់បែបនេះ កំឡុងពេលផ្ដល់បទសម្ភាសន៍ជាមួយ CNN ក្នុងបន្ទប់សណ្ឋាគារមួយនៃទីក្រុងការ៉ាកាស់ កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ នាឱកាសនោះលោក Guaido ក៏បានឆ្លៀតអំពាវនាវឱ្យយោធា ងើបឡើងទម្លាក់លោក នីកូឡាស់ ម៉ាឌូរ៉ូ ពីអំណាចផងដែរដោយចោទថា ប្រធានាធិបតីរូបនេះគឺជាឃាតក។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិត ពីមូលហេតុស្លាប់ពិតប្រាកដរបស់អ្នកទាំង ១៧នាក់ខាងលើនោះទេ ស្របពេលមន្ទីរពេទ្យនានាកំពុងរងផលប៉ះពាល់ខ្លាំងជាងគេ។
មេបក្សប្រឆាំងរូបនេះលើកឡើងយ៉ាងដូច្នេះថា «អ្នកសាកស្រម៉ៃទៅមើល តើវានឹងមានអ្វីកើតឡើងបើប្រទេសរបស់អ្នកគ្មានអគ្គិសនី ប្រើប្រាស់រយៈពេល ០៤ថ្ងៃជាប់ៗគ្នា... មនុស្ស១៧នាក់បានស្លាប់ និងជាការពិតវេណេស៊ុយអេឡាបានដួលរលំទៅហើយ»។ លោក Guaido បន្ថែមថា លោកនឹងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន នៅពេលបើកសម័យប្រជុំពិសេស នៃសភាជាតិនៅថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា បើតាមលោក Juan Guaido រដ្ឋចំនួន ១៦ នៅតែបន្តគ្មានអគ្គិសនីប្រើទាំងស្រុង ខណៈ០៦រដ្ឋផ្សេងទៀតមានអគ្គិសនី ប្រើប្រាស់ដោយផ្នែករីឯវិស័យឯកជនបានខាតបង់ជាទឹកប្រាក់ ៤០០លានដុល្លារដោយសារតែការដាច់ចរន្តអគ្គិសនីនេះ ដែល លោក ម៉ាឌូរ៉ូ ចោទថាសហរដ្ឋអាមេរិកជាអ្នកប្រព្រឹត្ត។ ដោយឡែកចំពោះការចោទប្រកាន់របស់លោក ហ្គៃដូ ទាំងអស់ខាងលើនេះ រដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ បានទើបបានចេញមុខទាត់ចោលទាំងស្រុងផងដែរ៕