(ម៉ុងហ្គោលី)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ុងហ្គោលី ក្នុងចំណោមប្រទេសមួយចំនួនទៀត នាថ្ងៃចន្ទនេះបានបង្គាប់ឲ្យ ក្រុមហ៊ុនអាកាសចរណ៍ជាតិនៃប្រទេសនេះ MIAT ផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការនៃយន្តហោះ Boeing 737 MAX 8 ដើម្បីធ្វើការត្រួតពិនិត្យផ្នែកបច្ចេកទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
ការធ្វើបែបនេះ គឺដោយសារតែនៅថ្ងៃអាទិត្យម្សិលមិញ យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍អេត្យូពី ដែលមានគោលដៅធ្វើដំណើរពីរដ្ឋធានី អេដឌីសអាបាបា (Addis Ababa) ឆ្ពោះទៅរដ្ឋធានី ណៃរ៉ូប៊ី (Nairobi) របស់កេនយ៉ា បានធ្លាក់ក្រោយពីហោះហើរត្រឹម០៦នាទី ហើយពុំមាននរណាម្នាក់ដែលជិះនៅលើយន្តហោះ បានរួចរស់ជីវិតឡើយ។ អ្វីដែលសំខាន់នោះ គឺវាជាករណីទីពីរហើយដែលយន្តហោះស៊េរីថ្មីនេះបានធ្លាក់ ដោយកាលពីខែតុលា ឆ្នាំ២០១៨ Boeing 737 MAX 8 របស់អាកាសចរណ៍ឥណ្ឌូណេស៊ី Lion Air បានធ្លាក់ចូលសមុទ្រនៅក្បែររដ្ឋធានីហ្សាការតា ដោយផ្តាច់យកទាំងជីវិតមនុស្សសរុប ១៨៩នាក់ទៅជាមួយ។
គួរជម្រាបថា អាកាសចរណ៍ជាតិម៉ុងហ្គោល MIAT បានទទួលយន្តហោះ Boeing 737 MAX 8 មួយគ្រឿង នៅថ្ងៃទី២១ ខែកុម្ភៈ ដែលវាគឺជាការប្រគល់យន្តហោះគ្រឿងដំបូង ក្នុងចំណោម 737 MAX ចំនួន ០៤គ្រឿង ដែលខ្លួនបានបញ្ជាទិញ។ ក្រៅពី MIAT ចិនក៏បានបង្គាប់ឲ្យរាល់អាកាសចរណ៍របស់ខ្លួន ផ្អាកការប្រើប្រាស់ Boeing 737 MAX 8 ដែរ ហើយអាកាសចរណ៍ Ethiopian Airlines ផ្ទាល់គឺដូចគ្នា។
ដោយសារតែបញ្ហានេះ Boeing បានសម្រេចផ្អាកការបញ្ចេញយន្តហោះ 777X ថ្មីរបស់ខ្លួន ដែលត្រូវបានគ្រោងថា នឹងរៀបចំធ្វើឡើងនៅថ្ងៃពុធសប្តាហ៍នេះ៕