(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះបាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពរបស់ កូរ៉េខាងជើង បន្ទាប់ពីរូបភាពផ្កាយរណបជាច្រើនសន្លឹក កំពុងបង្កការព្រួយបារម្ភដល់សហគមន៍អន្តរជាតិ ដោយខ្លាចក្រែង ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្ដមីស៊ីលផ្លោងឆ្លងទ្វីប ឬបាញ់បង្ហោះគ្រាប់រ៉ុក្កែតទៅកាន់ទីអវកាសសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
យោងតាមរូបភាពផ្កាយរណប ចេញផ្សាយដោយគេហទំព័រអាមេរិក 38 North និងការវិភាគរបស់ទីភ្នាក់ងារស៊ើបការណ៍សំងាត់ របស់កូរ៉េខាងត្បូងនាពេលថ្មីៗនេះ កូរ៉េខាងជើងហាក់ដូចជាកំពុងបង្កើនសកម្មភាព ពាក់ព័ន្ធនឹងមីស៊ីលឡើងវិញ នៅឯរោងចក្រមីស៊ីលចំនួន ០២ គឺសូហែ (Sohae) និងសាមុនដុង (Samundong)។ Samundong គឺជារោងចក្រផលិតមីស៊ីលវ៉ាសុង ១៥ (Hwavsong-15) ICBM ដែលអ្នកជំនាញខ្លះជឿជាក់ថា មានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក រីឯ Sohae ជាទីតាំងបាញ់គ្រាប់រ៉ុក្កែតពាំផ្កាយរណបទៅកាន់ទីអវកាស។
គួរបញ្ជាក់ថា រូបភាពផ្ដាយរណបខាងលើត្រូវបានចេញផ្សាយតែ ០២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយប្រទេសវៀតណាម កាលពីថ្ងៃទី២៧ និង២៨ ខែកុម្ភៈកន្លងទៅ បានបិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ តែទោះជាយ៉ាងនេះក្ដី លោក ត្រាំ បានអះអាងថា ទោះបីជាកិច្ចចរចាបរាជ័យក៏ដោយ ក៏លោក គីម ជុងអ៊ុន នៅតែសន្យាថានឹងមិនបាញ់សាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែរសាជាថ្មីនោះដែរ ហើយលោក ត្រាំ ក៏ជឿជាក់លើទំនាក់ទំនងល្អផ្ទាល់ខ្លួនជាមួយលោក គីម ផងដែរ៕