(ហុងកុង)៖ នៅចំពោះមុខយុទ្ធនាការដាក់សម្ពាធ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មកលើក្រុមហ៊ុន Huawei អ្នកជំនាញផ្នែកយុទ្ធសាស្រ្តផែនការម្នាក់គឺលោក អាន់ឌ្រូ លឿង (Andrew Leung) បាននិយាយថា សហរដ្ឋអាមេរិកទំនងជាបានភ្ញាក់ដឹងខ្លួនថា ចិនកំពុងតែនាំមុខក្នុងវិស័យបច្ចេកវិទ្យា ទូរគមនាគមន៍នៅលើពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
បើតាមលោក Andrew ជាការពិតណាស់ Huawei គឺជាមុខមាត់ និងជាមោទនភាពនៃវឌ្ឍនភាពផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន។ ក្នុងរយៈពេលប្រមាណជា ០២ទសវត្សរ៍កន្លងទៅ ក្រុមហ៊ុន Huawei បានខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីអាចទទួលបានទំនុកចិត្តខ្ពស់ពីបណ្តាអតិថិជននៅជុំវិញពិភពលោក ដោយនាខណៈនេះ Huawei បានជ្រៀតចូលក្នុងទីផ្សារបច្ចេកវិទ្យាទំនើបៗ នៅតាមប្រទេសដល់ទៅចំនួន ១៦០ ដែលនេះគឺជាជោគជ័យដ៏អស្ចារ្យមួយ។
លោក Andrew បានបន្តថា មិនតែប៉ុណ្ណោះបើនិយាយពីបណ្តាញ 5G វិញ គឺ Huawei កំពុងតែដើរនាំមុខគេនៅលើពិភពលោក សូម្បីអាមេរិកក៏នៅពីក្រោយដែរ។ អាមេរិកមិនផលិតរចនាសម្ព័ន្ធ 5G ឡើយ ហើយមានផលិតផល និងសេវាកម្មតិចតួចប៉ុណ្ណោះ ដែលផលិតដោយក្រុមហ៊ុនរបស់អាមេរិក។ រីឯដៃគូប្រកួតដែលអាចនិយាយបានថា នៅកៀកនឹង Huawei បំផុតនោះ គឺមានតែ Ericsson និង Nokia ដែលជាក្រុមហ៊ុនអឺរ៉ុបប៉ុណ្ណោះ ប៉ុន្តែសូម្បីតែក្រុមហ៊ុនទាំងនេះទៀតសោត ក៏ត្រូវ Huawei វ៉ាដាច់ឆ្ងាយខ្លាំងណាស់ បើគិតអំពីភាពទំនើបជឿនលឿននៃផ្នែកបច្ចេកវិទ្យា និងការបញ្ចេញនូវប្រព័ន្ធរចនាសម្ព័ន្ធទូរគមនាគមន៍។
ដូច្នេះហើយ បើតាមការយល់ឃើញរបស់លោក Andrew គឺសហរដ្ឋអាមេរិកដូចជាបានភ្ញាក់ដឹងខ្លួនថា ចិនកំពុងតែបោះពួយទៅមុខមុនខ្លួន នៅក្នុងវិស័យនេះហើយវាគឺជាការគំរាមកំហែងមួយដល់ឥទ្ធិពលរបស់អាមេរិក ដែលបានបន្តហ៊ុមព័ទ្ធពិភពលោកតាំងពីសម័យសង្រ្គាមលោកលើកទីពីរមកម្ល៉េះ។ ហេតុដូចនេះការរីកចម្រើនជឿនលឿននៃប្រទេសចិន ហាក់កំពុងធ្វើឲ្យឥទ្ធិពលនៃសម័យកាលគ្រប់គ្រងរបស់អាមេរិក អាចឈានទៅរកទីបញ្ចប់។
លោក Andrew បានសង្កត់ធ្ងន់ថា បញ្ហាខាងលើគ្រាន់ជារឿងមួយ ក្នុងចំណោមបញ្ហាចាក់ស្រេះជាច្រើនផ្សេងទៀត រវាងមហាអំណាចពិភពលោកទាំងពីរ រួមមានដូចជា សង្រ្គាមពាណិជ្ជកម្ម ការប្រឈមមុខដោយយោធានៅសមុទ្រចិនខាងត្បូង បញ្ហាអាមេរិកផ្គត់ផ្គង់អាវុធឲ្យតៃវ៉ាន់ បញ្ហារំលោភសិទ្ធិមនុស្ស ដែលអាមេរិកចោទថា កំពុងកើតមាននៅក្នុងប្រទេសចិន។ និយាយរួម គឺសហរដ្ឋអាមេរិកកំពុងតែប្រឹងប្រែងកៀបគ្រប់ច្រកល្ហកតែម្តងលើប្រទេសចិន ស្ថិតក្នុងគោលដៅទប់ទល់សន្ទុះរីកចំរើនរបស់ចិនលើគ្រប់វិស័យតែម្តង៕