(អេដឌីសអាបាបា)៖ អាកាសចរណ៍អេត្យូពី (Ethiopian Airlines) បានសម្រេចចិត្តផ្អាកធ្វើប្រតិបត្តិការយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 MAX 8 ដែលខ្លួនបានទិញពីក្រុមហ៊ុនអាមេរិក Boeing ដើម្បីធ្វើការពិនិត្យផ្នែកបច្ចេកទេសឡើងវិញ ក្រោយកើតមានករណីធ្លាក់យន្តហោះប្រភេទថ្មីមួយគ្រឿង កាលពីថ្ងៃព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា បណ្តាលឲ្យមនុស្ស ១៥៧នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
តាមរយៈបណ្តាញសង្គម Twitter ផ្លូវការរបស់ Ethiopian Airlines អាកាសចរណ៍នៃតំបន់អាហ្វ្រិកមួយនេះបានសម្រេច «ផ្អាកជាបណ្តោះអាសន្ននូវយន្តហោះ Boeing 737 MAX 8 ដើម្បីធ្វើការត្រួតពិនិត្យបច្ចេកទេសបន្ថែម បើទោះបីជាពុំទាន់មានព័ត៌មានណាមួយ បញ្ជាក់ថា ជើងហោះហើរ ET 302/10 បានធ្លាក់ដោយសារមូលហេតុអ្វីឲ្យពិតប្រាកដនោះក៏ដោយ»។ ជើងហោះហើរ ET 302/10 បានធ្លាក់នៅចម្ងាយ ៤៥គីឡូម៉ែត្រពីព្រលានយន្តហោះទីក្រុង អេដឌីស អាបាបា ក្រោយពីទើបហោះឡើងបាន៦នាទីប៉ុណ្ណោះ។
គួរបញ្ជាក់ថា អាកាសចរណ៍អេត្យូពីមានយន្តហោះប្រភេទខាងលើនេះ សរុបចំនួន ០៨គ្រឿង ហើយសម្រាប់ជើងហោះហើរ ET 302/10 ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យនោះ គឺទើបតែបានបម្រើការងារមិនទាន់បានមួយឆ្នាំស្រួលបួលផង។ ក្រៅពីអេត្យូពី នៅព្រឹកព្រហាមថ្ងៃចន្ទនេះតែម្តង អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន បានបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំងអស់ផ្អាកជាបណ្តោះអាសន្ន នូវរាល់ប្រតិបត្តិការយន្តហោះ Boeing 737 MAX 8 រហូតដល់ការធានាសុវត្ថិភាពត្រូវបានធ្វើឡើង៕