(ការ៉ាកាស់)៖ រដ្ឋមន្រ្តីទំនាក់ទំនងការបរទេសវេណស៊ុយអេឡា លោក ហ្សក រ៉ូទ្រីហ្គែស (Jorge Rodriguez) បានឱ្យដឹងថា ថ្នាក់រៀន និងសកម្មភាពការងារទាំងឡាយ នឹងត្រូវផ្អាកជាបណ្ដោះអាសន្ននៅថ្ងៃចន្ទនេះ ខណៈការដាច់ចរន្តអគ្គិសនីដែលលោក ម៉ាឌូរ៉ូ ចោទថាសហរដ្ឋអាមេរិក ជាប្រព្រឹត្តនៅមិនទាន់អាចដោះស្រាយបានឡើយទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃអាទិត្យ (ពេលវេលានៅអាមេរិកឡាទីន) លោក Rodriguez បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមជូនដំណឹងដល់អ្នកទាំងអស់គ្នាថា លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានសម្រេចចិត្តបិទថ្នាក់រៀន និងផ្អាកសកម្មភាពការងារនានាជាបណ្ដោះអាសន្ននៅថ្ងៃចន្ទ ទី១១ ខែមីនានេះ»។
លោកបានបន្ថែមថា រដ្ឋាភិបាលទីក្រុងការ៉ាកាស់នឹងស្វែងរកភាពស្ងប់សុខជូនប្រជាជនវេណេស៊ុយអេឡាវិញ ប៉ុន្តែទន្ទឹមគ្នារដ្ឋមន្ត្រីរូបនេះ ក៏បានអំពាវនាវឱ្យប្រជាជនទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងរួមសាមគ្គីគ្នាប្រឆាំងនឹងចេតនាអាក្រក់របស់ពួកឧក្រិដ្ឋជន។
គួរបញ្ជាក់ថា ប្រទេសវេណេស៊ុយអេឡាបានជួបបញ្ហាដាច់ចរន្តអគ្គិសនី តាំងតែពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមកម្ល៉េះ ហើយនៅពេលបច្ចុប្បន្នរដ្ឋចំនួន ១៨ ក្នុងចំណោមរដ្ឋទាំង ២៣ នៅតែគ្មានអគ្គិសនីប្រើប្រាស់ដដែល ខណៈការផ្គត់ផ្គង់អគ្គិសនីត្រូវបានស្ដារឡើងវិញ នៅតាមតំបន់ខ្លះនៃរដ្ឋធានីការ៉ាកាស់៕