(វ៉ាស៊ីនតោន)៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ (ពេលវេលានៅអាមេរិក) នឹងស្នើសុំកញ្ចប់ថវិកា ៨.៦ពាន់លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងការសាងសង់ជញ្ជាំងព្រំដែន ជាមួយម៉ិចស៊ីកូតាមពាក្យសន្យា ខណៈមានការព្រួយបារម្ភជាច្រើនថា ការបិទទ្វាររដ្ឋាភិបាលជាថ្មីអាចកើតឡើងជាថ្មី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើសំណើរបស់អាជ្ញាព្រំដែនអាអាមេរិក កាលពីឆ្នាំ២០១៧ នៅថ្ងៃចន្ទនេះសេតវិមាននឹងស្នើសុំទៅកាន់សភាអាមេរិក ដើម្បីដកយកប្រាក់ ៣.៦ពាន់លានដុល្លារពីកញ្ចប់ថវិកាយោធានៃមន្ទីរបញ្ចកោណ និង ៥ពាន់លានដុល្លារទៀតពីកញ្ចប់ថវិកាសម្រាប់ក្រសួងសន្តិសុខមាតុភូមិអាមេរិក យកទៅប្រើប្រាស់ក្នុងការសាងសង់ជញ្ជាំព្រំដែនប្រវែង ៧២២ម៉ៃល៍ ឬស្មើនឹងជាង ១,១៦១គីឡូម៉ែត្រជាមួយប្រទេសម៉ិចស៊ីកូ។
គួរបញ្ជាក់ថា សំណើរបស់សេតវិមាននៅថ្ងៃចន្ទនេះ ក៏មានរាប់បញ្ចូលផងដែរ នូវថវិកាសម្រាប់ជួលបុគ្គលិកផ្នែកអនុវត្តន៍ច្បាប់បន្ថែម ២,៨០០នាក់ និងក្រុមការងារវិនិច្ឆ័យលើជនអន្តោប្រវេសន៍ចំនួន ១០០នាក់។ ចំណែកឯសភាអាមេរិកត្រូវធ្វើការសម្រេចចិត្តចុងក្រោយ លើកញ្ចប់ថវិកាឆ្នាំសារពើពន្ធ២០២០ នៅត្រឹមថ្ងៃទី០១ ខែតុលាខាងមុខនេះ បើពុំដូច្នោះទេការបិទរដ្ឋាភិបាលអាមេរិកអាចនឹង កើតឡើងជាថ្មី៕