(វ៉ាស៊ីនតោន)៖ អ្នកវិទ្យាសាស្រ្តបានបង្ហើបប្រាប់ថា ក្នុងពេលដ៏ខ្លីខាងមុខយើងទាំងអស់គ្នានឹងអាចមើលឃើញរូបភាពពិតដំបូងបំផុតមិនធ្លាប់មានឡើយ នៃប្រហោងខ្មៅយក្ស (Super Massive Black Hole) ដែលកំពុងពួនសំងំនៅកណ្តាលបេះដូង នៃលំហកាឡាក់ស៊ីរបស់ពួកយើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
លោក Sherperd Doeleman ដែលជាប្រធានដឹកនាំគម្រោងស្រាវជ្រាវនៃកិច្ចប្រឹងប្រែងខាងលើបាននិយាយថា រូបលោកនិងក្រុមការងារមានសុទិដ្ឋិនិយមខ្ពស់ថា ការបង្កើតរូបភាពពិតជាលើកទីមួយនៃប្រហោងខ្មៅ (Black Hole) នោះ នឹងទទួលបានជោគជ័យ ខណៈដែលកិច្ចការគ្រប់យ៉ាងជិតរួចរាល់ជាស្ថាពរហើយ។
បើតាមលោក Doeleman រូបភាពដំបូងទាំងនេះ នឹងត្រូវបានបញ្ចេញជាផ្លូវការក្នុងឆ្នាំ២០១៩ នេះតែម្តង ដោយពួកវាគឺជាសមិទ្ធផលបានមកពីកិច្ចប្រឹងប្រែងជាសកល ក្នុងការបង្កើតបណ្តាញតេឡេស្កូបនិម្មិតមួយ (Virtual Telescope) ទំហំប៉ុនផែនដី ហៅថា Event Horizon Telescope ដើម្បីថតយករូបភាពប្រហោងខ្មៅធំៗ ដែលនៅជិតៗ។ បណ្តាញ Virtual Telescope នេះបានធ្វើប្រតិបត្តិការពេញលេញជាលើកទីមួយ កាលពីខែមេសា ឆ្នាំ២០១៧ ដោយប្រើតេឡេស្កូបចំនួន ០៨ នៅជុំវិញពិភពលោក ក្នុងនោះមានមួយគ្រឿងនៅប៉ូលខាងត្បូង ដើម្បីប្រមូលយកទិន្នន័យអំពីប្រហោងខ្មៅ។
បណ្តាញតេឡេស្កូប EHT បានប្រមូលទិន្នន័យរូបភាពពីប្រហោងខ្មៅយក្សចំនួន ០២ ដែលមានមាត់ច្រកពេលវេលា (Event Horizon) ធំជាងគេបង្អស់ គឺ M87 នៅចំកណ្តាលកាឡាក់ស៊ី Virgo A និង Sagittarius A ដែលនៅកណ្តាលកាឡាក់ស៊ី Milky Way របស់យើងតែម្តង។ រូបភាពរបស់ពួកវានឹងត្រូវបញ្ចេញជាសាធារណៈ នៅពេលដែលក្រុមអ្នកវិទ្យាសាស្រ្តនៃគម្រោង EHT មានការជឿជាក់គ្រប់គ្រាន់ថា ទិន្នន័យនៃរូបភាពគឺត្រូវបានគណនាយ៉ាងត្រឹមត្រូវពេញលេញ ហើយនីតិវិធីទាំងអស់ត្រូវបានធ្វើតេស្តយ៉ាងហ្មត់ចត់បំផុត៕