(អេត្យូពី)៖ រំលងគ្នាមិនបាន០៦ខែផង យន្តហោះដឹកអ្នកដំណើរស៊េរីថ្មីរបស់ Boeing គ្រឿងទីពីរបានធ្លាក់ និងផ្តាច់ជិវិតមនុស្សទាំងអស់ដែលជិះនៅលើនោះ ក្រោយការហោះហើរឡើងចេញផុតពីដី បានត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន CNN នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
នាថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សទាំង ១៥៧នាក់នៅលើយន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍អេត្យូពី Ethiopian Airlines ដែលមានគោលដៅពីរដ្ឋធានី អេដឌីស អាបាបា (Addis Ababa) ឆ្ពោះទៅកាន់រដ្ឋធានី ណៃរ៉ូប៊ី (Nairobi) របស់ប្រទេសកេនយ៉ា បានស្លាប់ទាំងអស់។ សោកនាដកម្មនេះបានកើតឡើង ក្រោយករណីធ្លាក់យន្តហោះស៊េរីដូចគ្នានេះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី ឡាយអិនអ៊ែរ (Lion Air) នៅឯដែនសមុទ្រជ្វាកាលពីចុងខែតុលា ឆ្នាំ២០១៨ ដែលបានផ្តាច់ជីវិតមនុស្សទាំង ១៨៩នាក់ ដែលជិះនៅលើនោះ។
យន្តហោះ Boeing 737 MAX 8 ឬ 737-800 MAX គឺជាម៉ូដែលថ្មីបំផុតមួយរបស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ដែលទើបតែបានធ្វើការហោះហើរជាលើកដំបូងកាលពីឆ្នាំ២០១៧ ប៉ុណ្ណោះ។ បើតាមក្រុមអ្នកជំនាញ លក្ខណៈស្រដៀងគ្នាក្នុងករណីធ្លាក់យន្តហោះទាំងពីរខាងលើ គឺមិនអាចមើលរំលងឡើយ ដោយយន្តហោះរបស់ Ethiopian Airlines និង Lion Air សុទ្ធតែធ្លាក់ក្រោយពីហោះហើរបានតែមួយភ្លែតដូចគ្នា ខណៈអាកាសចរណ៍ទាំងពីរសុទ្ធតែមានកំណត់ត្រាសុវត្ថិភាពហោះហើរល្អៗ។
ស្របពេលករណីធ្លាក់យន្តហោះ Boeing 737 MAX 8 របស់ Lion Air នៅតែបន្តស្ថិតក្រោមការស៊ើបអង្កេត មកទល់ពេលនេះក៏ដោយ ព័ត៌មានពីប្រអប់ខ្មៅបានឲ្យដឹងថា មូលហេតុនៃការធ្លាក់ទំនងជាមកពីប្រព័ន្ធសុវត្ថិភាព ដែលត្រូវបានដំឡើងនៅលើយន្តហោះនោះ ដោយប្រព័ន្ធនេះនឹងទាញច្រមុះយន្តហោះចុះក្រោមដោយស្វ័យប្រវត្តិ ប្រសិនបើទិន្នន័យឲ្យតំរុយថា វាស្ថិតក្នុងហានិភ័យ។ រីឯមូលហេតុនៃការធ្លាក់ 737 MAX 8 នៅអេត្យូពី នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែអាជ្ញាធរអេត្យូពីកំពុងវិភាគទៅលើប្រអប់ខ្មៅ ដែលអាចនឹងចេញលទ្ធផលក្នុងពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខ។
ជុំវិញសោកនាដកម្មនេះលោក ហ្គេប្រេម៉ារីយ៉ាម (Gebremariam) ជានាយកប្រតិបត្តិ (CEO) របស់អាកាសចរណ៍ Ethiopian Airlinesបានបញ្ជាក់ថា «តាមពិតទៅយន្តហោះ Boeing ខាងលើនេះ ទើបតែបានសម្រាកបីម៉ោងប៉ុណ្ណោះ ក្រោយពីវាបានហោះមកពីទីក្រុងចូហាន់ណែសប៊ឺក នៃប្រទេសអាហ្វ្រិកខាងត្បូង នៅព្រឹកព្រលឹមថ្ងៃកើតហេតុ ប៉ុន្តែក្រុមត្រួតពិនិត្យមុនការហោះហើរ ពុំបានរកឃើញភាពមិនប្រក្រតីអ្វីឡើយ មុនការគ្រោងហោះហើរបន្តទៅកេនយ៉ា...»។ បន្ថែមពីនេះទៀត មុនពេលធ្លាក់ប៉ុន្មាននាទី ពីឡុតដែលបញ្ជាការនៅលើនោះបានព្យាយាមទាក់ទងទៅអាកាសយានដ្ឋាន Addis Ababa ដើម្បីស្នើសុំបកត្រឡប់ក្រោយវិញ ក្រោយពីទើបបានហោះចេញមកបន្តិច ព្រោះពួកគេបានជួបប្រទះបញ្ហាបច្ចេកទេសមួយចំនួននៃម៉ាស៊ីនយន្តហោះ ដែលពិបាកនឹងដោះស្រាយ។
គួរជម្រាបថា យន្តហោះ 737 MAX 8 គឺជាម៉ូដែលដែលលក់ដាច់ជាងគេបំផុតរបស់ក្រុមហ៊ុន Boeing ក៏ប៉ុន្តែប្រសិនបើក្រុមអ្នកស៊ើបអង្កេតរកឃើញនូវមូលហេតុស្រដៀងគ្នានៃករណីធ្លាក់យន្តហោះទាំងពីរខាងលើ ក្រុមហ៊ុនផលិតយន្តហោះលំដាប់កំពូលនៅលើពិភពលោកមួយនេះ អាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ។ យន្តហោះ 737 MAX 8 ដែលធ្លាក់កាលពីម្សិលមិញ ទើបតែត្រូវបានប្រគល់ឲ្យអាកាសចរណ៍អេត្យូពីកាលពីខែវិច្ឆិកាឆ្នាំឆ្នាំ២០១៨ប៉ុណ្ណោះ ហើយវាស្ថិតក្នុងចំណោមយន្តហោះ MAX 8 ទាំង ០៥គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។
ករណីធ្លាក់យន្តហោះដ៏រន្ធត់របស់អាកាសចរណ៍អេត្យូពី ដែលហោះហើរពីរដ្ឋធានី អេដឌីស អាបាបា (Addis Ababa) របស់ប្រទេសអាហ្វ្រិកកណ្តាលអេត្យូពី សំដៅទៅកាន់រដ្ឋធានីណៃរ៉ូប៊ី (Nairobi) នៃប្រទេសកេនយ៉ានោះ បានបណ្តាលឲ្យមនុស្សសរុបទាំងអស់ ១៥៧នាក់នៅលើយន្តហោះតែម្តងបាត់បង់ជីវិត ដោយក្នុងនោះគឺមានចំរុះជាតិសាសន៍ដូចជា កេនយ៉ា ចិន អាមេរិក បារាំង ឥណ្ឌា អ៊ីតាលី កាណាដា អង់គ្លេស អេហ្ស៊ីប ឥណ្ឌូណេស៊ី ស្លូវ៉ាក អូទ្រីស ស៊ុយអ៊ែដ អ៊ីស្រាអែល ម៉ូរ៉ូកូ ប៉ូឡូញ អេស្ប៉ាញ ហូឡង់ ប៊ែលហ្សិក ជីបូទី អៀរឡង់ ម៉ូហ្សំប៊ិក នេប៉ាល់ នីហ្សេរីយ៉ា ណ័រវេយ៍ រ៉ាវ៉ាន់ដា អារ៉ាប៊ីសាអូឌីត ស៊ែប៊ី ស្លូវ៉ានី សូម៉ាលី ស៊ូដង់ តូហ្គោ អ៊ូហ្គាន់ដា យ៉េមែន និងអេត្យូពីផ្ទាល់។