(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) មានទុក្ខក្រៀមក្រំជាខ្លាំង ដោយសារសោកនាដកម្មធ្លាក់យន្តហោះនៅក្បែររដ្ឋធានី អាកឌីស អាបាបា (Addis Ababa) នៃប្រទេសអេត្យូពី ដែលបានផ្តាច់ជីវិតមនុស្សទាំងអស់គឺ១៥៧នាក់នៅលើយន្តហោះ ដោយក្នុងនោះក៏រួមមានបុគ្គលិករបស់បណ្តាអង្គការនៃស្ថាប័នអន្តរជាតិនេះចំនួន ១៩នាក់ផងដែរ។ នេះបើតាមអ្នកនាំពាក្យរបស់លោក Guterres គឺលោក ស្ទេហ្វិន ឌូហ្សារិច (Stephane Dujarric) ដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
លោក Dujarric បាននិយាយយ៉ាងដូច្នេះថា «លោកអគ្គលេខាធិការមានទុក្ខក្រៀមក្រំក្រៃលែង ពេលបានលឺដំណឹងអំពីការបាត់បង់ជីវិតមនុស្សរាប់រយនាក់នៅក្នុងសោកនាដកម្មធ្លាក់យន្តហោះនៅក្បែរទីក្រុង Addis Ababa កាលពីថ្ងៃអាទិត្យ ហើយលោកបានផ្តាំផ្ញើការសោកស្តាយយ៉ាងជ្រាលជ្រៅ ព្រមទាំងសាមគ្គីភាពទៅកាន់ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះទាំងឡាយ ដោយក្នុងនោះរួមមានទាំងបុគ្គលិករបស់អង្គការសហប្រជាជាតិ រួមជាមួយសមានទុក្ខដោយស្មោះអស់ពីចិត្តចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអេត្យូពីទាំងមូល»។
គួរជម្រាបថា យន្តហោះ Boeing 737-800 MAX (737 MAX 8) របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី (Ethiopia Airlines ) ដែលមានគោលដៅចេញពីទីក្រុង Addis Ababa ឆ្ពោះទៅកាន់ទីក្រុង ណៃរ៉ូប៊ី (Nairobi) នៃប្រទេសកែនយ៉ា បានដាច់ការទាក់ទងហើយធ្លាក់ ក្រោយហោះឡើងពីដីបានតែប៉ុន្មាននាទីប៉ុណ្ណោះ។ មនុស្សសរុប ១៥៧នាក់ (ទាំងអ្នកដំណើរនិងសហសេវិក) មកពីប្រទេសជាង ៣០ខុសៗគ្នា ដែលជិះនៅលើនោះបានបាត់បង់ជីវិតទាំងអស់។ សម្រាប់បុគ្គលិក UN ទាំង ១៩នាក់ដែលស្លាប់ គឺមកពីអង្គការស្បៀងអាហារពិភពលោក WFP ធនាគារពិភពលោក អង្គការបរិស្ថាន UNEP អង្គការសិទ្ធិមនុស្ស OHCHR និងអង្គការទូរគមនាគមន៍ ITU ព្រមទាំងការិយាល័យរបស់ UN ប្រចាំនៅក្រុង Nairobi ជាដើម៕