(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានអរគុណ និងកោតសរសើរយ៉ាងខ្លាំងដល់កងកម្លាំង ប្រដាប់អាវុធ និងយោធាទាំងអស់ដែលនៅតែបន្តស្មោះស្ម័គ្រនឹងរូបលោក ក្នុងការជួយទប់ស្កាត់ការធ្វើរដ្ឋប្រហារដឹកនាំដោយសហរដ្ឋអាមេរិក និងមេដឹកបក្សប្រឆាំង លោក Juan Guaidó។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។
លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់បែបនេះនៅអំឡុងពេលចូលរួមក្នុងពិធីជួបជុំជាមួយអ្នកគាំទ្រនៅឯទីក្រុងការ៉ាកាស់ នាចុងសប្ដាហ៍នេះ ខណៈខាងបក្សប្រឆាំងក៏បានរៀបចំបាតុកម្មតវ៉ាដូចគ្នាដែរ ដោយថែមទាំងមានការប៉ះទង្គិចគ្នានឹងអាជ្ញាធរ ទៀតផង។ ថ្លែងនៅចំពោះមុខអ្នកគាំទ្រ លោក ម៉ាឌូរ៉ូ បានលើកឡើងដូច្នេះថា៖« ខ្ញុំសូមអរគុណដល់កងកម្លាំងប្រដាប់អាវុធ និងយោធាទាំងអស់ដែលនៅតែបន្តស្មោះស្ម័គ្រនឹងរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការធ្វើរដ្ឋប្រហារដឹកនាំដោយសហរដ្ឋអាមេរិក និងអាយ៉ងរបស់ពួកគេគឺគណបក្សប្រឆាំង»។
គួរជម្រាបថា មកទល់នឹងពេលនេះ លោក Guaidó ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេស ច្រើនជាង៥០ ផ្សេងទៀត។ រីឯ រុស្ស៊ី ចិន និងតួកគីជាដើមនៅតែបន្តគាំទ្រ និងទទួលស្គាល់ដដែលថាលោក ម៉ាឌូរ៉ូ គឺជាប្រធានាធិបតីវេណេស៊ុយអេឡាស្របច្បាប់តែមួយគត់៕