(មីយ៉ាន់ម៉ា)៖ អាជ្ញាធរមីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថាប៉ូលិស៩នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយរបស់ ជនសកម្មប្រយុទ្ធមួយក្រុមនៅឯរដ្ឋ Rakhine ភាគខាងលិចនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។
មន្ត្រីនៅក្នុងតំបន់ម្នាក់បានបញ្ជាក់ប្រាប់សារព័ត៌មាន AFP ដូច្នេះថា៖ «ការវាយប្រហារនេះកើតឡើងកាលពីថ្ងៃសៅរ៍ នៅក្នុង ភូមិ Yoetayoke ស្ថិតនៅលើចំងាយផ្លូវធ្វើដំណើរតែមួយម៉ោងប៉ុណ្ណោះពីទីក្រុង Sittwe នៃភាគខាងជើងរដ្ឋ Rakhine ដោយ សម្លាប់ប៉ូលិស៩នាក់ និងម្នាក់រងរបួស ខណៈម្នាក់ទៀតបាត់ខ្លួន»។
គួរបញ្ជាក់ថា មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែក្រុមដាប់អាវុធ Arakan Army តែងតែធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខជារឿយៗនៅក្នុងរដ្ឋ Rakhine នារយៈពេលប៉ុន្មាន ខែចុងក្រោយនេះ៕