(អ៊ីតាលី)៖ អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិសេតវិមានអាមេរិក លោក Garrett Marquis បានជម្រុញឱ្យអ៊ីតាលី បោះបង់ចោលគម្រោងចូលរួមក្នុងគំនិតផ្ដួចផ្ដើម«ខែ្សវាត់ និងផ្លូវ» របស់ចិនដោយចាត់ទុកថាវាគឺជាគម្រោងឥតប្រយោជន៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។
ថ្លែងនៅលើ Twitter លោក Marquis បានគូសបញ្ជាក់ដូច្នេះថា៖ «អ៊ីតាលីគឺជាគោលដៅវិនិយោគដ៏អស្ចារ្យ និងសេដ្ឋកិច្ចដ៏ធំ នៅលើពិភពលោក...ប៉ុន្តែរដ្ឋាភិបាលមិនគួរចូលរួម ឬគាំទ្រគំនិតផ្ដួចផ្ដើម«ខែ្សវាត់ និងផ្លូវ»របស់ចិននោះទេ ព្រោះវាគ្រាន់តែជា គម្រោងគ្មានប្រយោជន៍មួយប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក Garrett Marquis កើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានអះអាងនៅក្នុងខែមីនានេះថាលោកកំពុងពិចារណាចូលរួមក្នុងគំនិតផ្ដួចផ្ដើម«ខែ្សវាត់ និងផ្លូវ»របស់ចិន ខណៈប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ីតាលី ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមីនានេះ៕