(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានឱ្យដឹងថារោងចក្រថាមពលអគ្គិសនីមួយកន្លែង បានរងការវាយប្រហារព័ត៌មានវិទ្យាកាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) ដែលនេះបង្កការរំខានដល់អាជ្ញាធរក្នុងការស្ដារការផ្គត់ផ្គង់ ថាមពលអគ្គិសនីឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងទីក្រុងការ៉ាកាស់ លោក ម៉ាឌូរ៉ូ បានលើកឡើងដូច្នេះថា៖ «បច្ចុប្បន្ន យើងបានស្ដារឡើងវិញ នូវថាមពលអគ្គីសនី៧០ភាគរយនៅទូទាំងប្រទេស...ប៉ុន្តែរោងចក្រថាមពលអគ្គិសនីរបស់យើងមួយកន្លែងស្រាប់តែទទួលរងការ វាយប្រហារព័ត៌មានវិទ្យា ហើយវាបានធ្វើឱ្យដំណើរការដែលយើងសម្រេចបានត្រូវរាំងស្ទះទៅវិញ»។
គួរបញ្ជាក់ថា ការដាច់ចរន្តអគ្គិសនីត្រវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងរដ្ឋចំនួន២១ ក្នុងចំណោម២៣រដ្ឋនៃ ប្រទេសវេណេស៊ុយអេឡា។ ចំណែកឯ លោក ម៉ាឌូរ៉ូ បានចោទប្រកាន់ថាសហរដ្ឋអាមេរិកគឺជាអ្នកនៅពីក្រោយការដាច់ចរន្ត អគ្គិសនីនេះ តែទីក្រុងវ៉ាស៊ីនតោនបានបដិសេធ៕