(ញូដេលី)៖ យោធាឥណ្ឌាអះអាងថាខ្លួនបានបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងទៀតរបស់ប៉ាគីស្ថាន នៅឯរដ្ឋភាគខាងជើង នៃប្រទេស ហើយបើនេះជាការពិត នោះវាគឺជាយន្ដហោះដ្រូនទី៣ ដែលត្រូវបានបាញ់ទម្លាក់ចាប់តាំងពីភាពតានតឹងរវាង ប្រទេសទាំង២ផ្ទុះឡើងកាលពីខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក យោធាឥណ្ឌាបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «បន្ទាប់ពីយន្ដហោះដ្រូនមួយគ្រឿងបាន រំលោភចូលដែនអាកាសឥណ្ឌា ក្នុងរដ្ឋ Rajasthan នៃតំបន់ព្រំដែនភាគខាងជើង កាលពីថ្ងៃសៅរ៍ ម៉ោង៧៖៣០នាទីយប់ យោធារបស់​យើងបានសម្រេចចិត្តបានបាញ់ទម្លាក់យន្ដហោះដ្រូននេះតែម្ដង»

គួរបញ្ជាក់ថា អាជ្ញាធរប៉ាគីស្ថានមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ប៉ុន្តែបើសិនជាការអះអាងនេះជាការពិត នោះយន្ដហោះដ្រូនរបស់ប៉ាគីស្ថាន៣គ្រឿងហើយ ត្រូវបានយោធាឥណ្ឌាបាញ់ទម្លាក់ គិតចាប់តាំងថ្ងៃទី២៦ ខែកុម្ភៈមក៕