(កូឡុំប៊ី)៖ មនុស្សយ៉ាងហោចណាស់១៤នាក់ បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះមួយគ្រឿងនៅខេត្ត Meta នៃប្រទេសកូឡុំប៊ី កាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលកូឡុំប៊ី ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៩។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលកូឡុំប៊ី បានបញ្ជាក់ទៀតថាគ្មានអ្នករស់រាន្តមានជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះធុន DC-3 នៅម៉ោង១០៖៤០នាទីព្រឹក នោះទេ។ យន្ដហោះនេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Laser Aereo airlines ដែល មានគោលដៅធ្វើដំណើរពីទីក្រុង San Jose del Guaviare ឆ្ពោះទៅកាន់ទីក្រុង Villavicencio ។ ប៉ុន្តែស្រាប់តែធ្លាក់ នៅពាក់កណ្ដាលផ្លូវក្នុងទីក្រុង San Carlos de Guaroa។

គួរបញ្ជាក់ថា មូលហេតុធ្លាក់យន្ដហោះខាងលើមិនទាន់ត្រូវបញ្ជាក់នៅឡើយទេ រីឯខាងក្រុមហ៊ុន Laser Aereo ក៏មិនបាន ធ្វើអត្ថាធិប្បាយអ្វីដែរ៕