(តូក្យូ)៖ លោកយាយជនជាតិជប៉ុនម្នាក់ដែលមានអាយុ១១៦ឆ្នាំ ត្រូវបានសៀវភៅកំណត់ត្រាពិភពលោក Guinness World Records ទទួលស្គាល់ជា មនុស្សចំណាស់ជាងគេបង្អស់នៅលើពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩។
លោកយាយមានឈ្មោះថា Kane Tanaka កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣ ជាឆ្នាំដែលបងប្អូនត្រកូល Wright បានបង្កើតនូវអ្វីដែលបានប្រែក្លាយជាយន្តហោះហោះហើរខ្វាត់ខ្វែងពាសពេញផ្ទៃមេឃ នាសព្វថ្ងៃនេះ។ បច្ចុប្បន្ន លោកយាន Kane ស្នាក់នៅមជ្ឈមណ្ឌលថែទាំចាស់ជរានៅឯទីក្រុង Fukuoka ភាគខាងលិចប្រទេសជប៉ុន។ ទោះស្ថិតក្នុងវ័យចំណាស់បែបនេះក្តី លោកយាយនៅតែចូលចិត្តសិក្សាគណិតវិទ្យានិងលេងល្បែងលើក្តារ។
គួរជម្រាបថា ជប៉ុនស្ថិតក្នុងចំណោមបណ្តាប្រទេសដែលមានសង្ឃឹមអាយុខ្ពស់ជាងគេបំផុតលើលោក ហើយក៏ជាជម្រកនៃបុគ្គលមួយចំនួនផ្សេងទៀត ដែលកន្លងមកក៏ធ្លាប់ត្រូវបានទទួលស្គាល់ជា មនុស្សដែលរស់នៅលើផែនដីបានយូរៗជាងគេបង្អស់ផងដែរ ដោយក្នុងចំណោមនោះរួមមានទាំងលោកតា Jiroemon Kimura ដែលជាប់ជាបុរសរស់បានយូរជាងគេបំផុត។ លោកតា Jiroemon បានលាចាកលោកក្នុងវ័យ១១៦ឆ្នាំ នៅខែមិថុនា ឆ្នាំ២០១៣ ខណៈលោកតាកើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៨៩៧។
ចំណែកឯអ្នកដែលត្រូវបានគេទទួលស្គាល់ជាបុគ្គលមានអាយុវែងជាងគេបង្អស់លើលោកវិញនោះ គឺលោកយាយ Jeanne Louise Calment នៃប្រទេសបារាំង ដែលបានទទួលមរណភាពនៅឆ្នាំ១៩៩៧ ក្នុងវ័យដល់ទៅ១២២ឆ្នាំ ខណៈលោកយាយកើតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៨៧៥៕