សាឡង់មួយគ្រឿងបុកត្រីបាឡែននៅលើសមុទ្រជប៉ុន បណ្តាលឲ្យអ្នកដំណើរជិត៩០នាក់រងរបួស
09-03-2019 21:02
(តូក្យូ)៖ មនុស្សយ៉ាងតិច៨៧នាក់បានទទួលរងរបួស នៅពេលដែលសាឡង់ល្បឿនលឿនមួយគ្រឿង ទំនងជាបានបុកជាមួយសត្វត្រីសមុទ្រទំហំធំមួយក្បាល នៅលើដែនទឹកនៃប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានជប៉ុន NHK នៅយប់ថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩។
យ៉ាងណាមិញ មនុស្ស០៥នាក់ត្រូវគេអះអាងថា បានរងរបួសធ្ងន់ក្នុងហេតុការណ៍ខាងលើ ដែលបានកើតឡើងនៅតាមផ្លូវ អំឡុងពេលដែលសាឡង់មួយគ្រឿងនោះ ត្រូវទៅដល់កោះ Sado ក្រោយការធ្វើដំណើររយៈពេលខ្លីប៉ុណ្ណោះ ចេញពីកោះធំរបស់ប្រទេសជប៉ុន។ បើតាមក្រុមអ្នកជំនាញ សាឡង់នោះប្រហែលជាបានបុកត្រីបាឡែន ពីព្រោះថាប្រភេទត្រីបាឡែនធំៗដូចជា Humpback និង Minke ត្រូវគេប្រទះឃើញជារឿយៗនៅក្នុងតំបន់។
គួរជម្រាបថា ផ្នែកខាងក្រោយនៃសាឡង់បានរងការខូចខាតខ្លះៗ ប៉ុន្តែវាបានដឹកអ្នកដំណើរសរុបចំនួន១២១នាក់ ព្រមទាំងអ្នកបម្រើការនៅលើនោះចំនួន០៤នាក់ទៀត ទៅដល់គោលដៅដោយសុវត្ថិភាពនិងពុំមានការជួយពីខាងក្រៅឡើយ៕