(ម៉ិចស៊ីកូ)៖ ករណីបាញ់ប្រហារ​មួយត្រូវបានបង្កឡើង​ដោយ​ក្រុមខ្មាន់កាំភ្លើង ទៅលើ​ក្លឹប​កម្សាន្តពេលរាត្រី​មួយកន្លែង​ក្នុងទីក្រុង សាឡាមែនកា (Salamanca) ក្នុងរដ្ឋ​ហ្គាណាហ្សូតូ (Guanajuato) នៃប្រទេសម៉ិចស៊ីកូបណ្តាលឲ្យមនុស្ស ១៤នាក់ស្លាប់ភ្លាមៗនៅហ្នឹង​កន្លែងកើតហេតុ និង០៧នាក់ទៀតរងរបួស​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រុង។ នេះ​បើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩។

ក្រុមខ្មាន់កាំភ្លើង​ដែលមិនទាន់មានគេស្គាល់​ប្រភពខាងលើនេះ បានសម្រុកចូល​​ទៅក្នុងក្លឹប La Playa Men នៅក្នុងទីក្រុងខាងលើ ហើយ​បានបង្កការបាញ់រះទៅលើក្រុមភ្ញៀវ​ដែល​ចូល​កម្សាន្តក្លឹបរាត្រី​នោះតែម្តង​នៅយប់ថ្ងៃសុក្រ (ម៉ោងនៅ​ម៉ិចស៊ីកូ) ហើយក្រោយ​មកពួកគេ​ក៏បានរត់គេចខ្លួន​បាត់ស្រមោល​ទាំងក្រុម។

គួរបញ្ជាក់ថា ក្រោយពីកើត​ហេតុភ្លាមៗ កងកម្លាំងប៉ូលិស​ម៉ិចស៊ីកូបាន​មកដល់ និង​អះអាងថា មនុស្សចំនួន ១៤នាក់បានស្លាប់ និង​០៧នាក់រងរបួស​តែម្តង។ មិនទាន់មាន​ការបញ្ជាក់ថា តើរឿងនេះ​​មានជាប់ពាក់ព័ន្ធនឹង​ក្រុមឧក្រិដ្ឋជនគ្រឿង​ញៀនដែរ ឬក៏យ៉ាង​ណានោះឡើយ ខណៈប៉ូលិស​កំពុងតែបន្តការ​ស៊ើបអង្កេត៕