(សាន់ទីអាហ្គោ)៖ អ្នកវិទ្យាសាស្រ្តអន្តរជាតិមួយក្រុម ទំនងជាបានរកឃើញអម្បូរថ្មីនៃសត្វត្រីបាឡែនពិឃាត Killer Whale នៅភាគខាងត្បូងប្រទេសឈីលី ខណៈដែលសត្វប្រភេទនេះកន្លង គឺត្រូវបានចាត់ទុកជាប្រភេទសត្វស្លូតបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩។
អម្បូរ Killer Whale ខាងលើត្រូវបានហៅថា Type D ហើយកន្លងមកគេធ្លាប់តែលឺពីពួកវា តាមរយៈដំណើររឿងរបស់អ្នកនេសាទដែនសមុទ្រ និងរូបថតរបស់ក្រុមអ្នកទេសចរប៉ុណ្ណោះ។ ឥឡូវនេះអ្នកវិទ្យាសាស្រ្តអន្តរជាតិមួយក្រុម បានប្រមូលយកចំរៀកស្បែកតូចៗមួយចំនួនពីក្រុមត្រីបាឡែននេះ ដើម្បីយកមកធ្វើជាគំរូតាងនៃហ្សែនរបស់ពួកវា ដែលនឹងជួយកំណត់ឲ្យច្បាស់ថា តើអម្បូរ Killer Whale នេះពិតជាអម្បូរថ្មីសម្រាប់វិទ្យាសាស្រ្តមែន ឬយ៉ាងណា។
ត្រីបាឡែនអាថ៌កំបាំងនេះ ត្រូវបានគេកត់ត្រាជាលើកដំបូងបង្អស់ កាលពីឆ្នាំ១៩៥៥ នៅពេលដែលពួកវាប្រមាណ ១៧ក្បាល បានរសាត់ទៅទើរនៅលើឆ្នេរនៃប្រទេសនូវែលសេឡង់។ ធៀបទៅនឹង Killer Whale ឯទៀតៗ អម្បូរបាឡែននេះមានក្បាលរាងមូល រួមជាមួយព្រុយស្តើងហើយស្រួចជាង និងចំណុចពណ៌សដែលមើលទៅច្រឡំថាជាភ្នែករបស់ពួកវានោះ ក៏មានទំហំតូចខុសពីធម្មតាផងដែរ។
គួរជម្រាបថា កាលពីខែមករា អ្នកវិទ្យាសាស្រ្តមួយក្រុមមកពីសហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា និងអាហ្សង់ទីន បានចេញដំណើរពីប្រទេសអាហ្សង់ទីន ក្រោមគោលដៅដើម្បីតាមស្វែងរកអម្បូរត្រីបាឡែន Killer Whale នេះ។ ចំណែកឯ ការវិភាគនៃគំរូតាង DNA ដែលពួកគេប្រមូលយកបានមកនោះ នឹងបញ្ចេញលទ្ធផលនៅក្នុងពេលប៉ុន្មានខែខាងមុខ៕