(ប៉េកាំង)៖ អនុរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មចិនលោក វ៉ាង សូវវិន (Wang Shouwen) បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសចិន និងសហរដ្ឋអាមេរិកនៅតែកំពុងធ្វើការងាររួមគ្នាទាំងយប់ទាំងថ្ងៃ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលនឹងបម្រើផលប្រយោជន៍ភាគីទាំងសងខាង និងជាការក្តីសង្ឃឹមរបស់ពិភពលោកទាំងមូល។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩។
ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ នៃក្រសួងពាណិជ្ជកម្មចិនខាងលើនេះ បានធ្វើឡើងនៅក្នុងផ្នែកមួយនៃសន្និសីទប្រចាំឆ្នាំរបស់សភាប្រជាជន ហើយក្នុងនោះក៏មានការបកស្រាយអំពីដំណើរការពិភាក្សាដោះស្រាយវិវាទពាណិជ្ជកម្ម ជាមួយនិងសហរដ្ឋអាមេរិកផងដែរ។ ជុំវិញបញ្ហានេះលោកអនុរដ្ឋមន្ត្រី Wang បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានសុទិដ្ឋិនិយមចំពោះកិច្ចចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ហើយភាគីទាំងពីរកំពុងតែធ្វើការងារនេះទាំងយប់ទាំងថ្ងៃ ដើម្បីកាត់បន្ថយពន្ធដែលបានដាក់លើគ្នាទៅវិញទៅមក ព្រោះថាវាគ្មានផលចំណេញសម្រាប់ខាងណាមួយនោះឡើយ...»។
គួរបញ្ជាក់ថា ចំពោះមុខកិច្ចពិភាក្សា និងចរចាដោះស្រាយវិវាទពាណិជ្ជកម្ម ដែលបានផ្ទុះឡើងតាំងតែពីឆ្នាំ២០១៨ មកនោះ ប្រទេសចិនក៏នៅតែបង្ហាញជំហររបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ផងដែរ នោះគឺការពិភាក្សាត្រូវតែឈរលើគោលការណ៍យុត្តិធម៌ និងស្មើភាព។ យ៉ាងណាក៏ដោយគិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ខាងសហរដ្ឋអាមេរិកឯណោះវិញ គឺមិនទាន់បានរៀបចំមន្ត្រីណាមួយ ដើម្បីមកចរចាជាមួយទីក្រុងប៉េកាំងបន្តទៀតនោះឡើយ ប៉ុន្តែអ្វីដែលជាភាពជាក់ស្តែងនោះ វិវាទពាណិជ្ជកម្មដែលអាមេរិកជាអ្នកចាប់ផ្តើមមុននេះ បានធ្វើឲ្យមហាយក្សសេដ្ឋកិច្ចទាំងពីរខាតបង់ដូចគ្នា៕