(វ៉ាស៊ីនតោន)៖ រូបភាពពីផ្កាយរណបបានបង្ហាញថា កូរ៉េខាងជើងអាចនិងកំពុងតែត្រៀមរៀបចំសម្រាប់ធ្វើការបាញ់មីស៊ីល ឬមួយក៏រ៉ុក្កែតនាពេលអនាគតដ៏ខ្លីខាងមុខ ខណៈដែលសហរដ្ឋអាមេរិកកំពុងតែសម្លឹងមើលរឿងនេះ មិនដាក់ភ្នែកនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយនៃសារព័ត៌មានអាមេរិក CNN នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩។
រូបភាពដែលថតបានកាលពីថ្ងៃទី២២ ខែកុម្ភៈ ដោយផ្កាយរណបរបស់ក្រុមហ៊ុន DigitalGlobe បានបង្ហាញឲ្យឃើញពីសញ្ញាកើនឡើងនៃសកម្មភាព នៅឯមូលដ្ឋានមួយកន្លែងក្នុងតំបន់ សាណាំដុង (Sanumdong) នៅជាយក្រុងព្យុងយ៉ាងជាទីដែលកូរ៉េខាងជើងកន្លងមកធ្លាប់បានផលិត និងដំឡើងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលគេជឿជាក់ថា អាចហោះដល់សហរដ្ឋអាមេរិករួមទាំងគ្រាប់រ៉ុក្កែតសម្រាប់បង្ហោះផ្កាយរណប។
ថ្មីៗនេះក៏មានសេចក្តីរាយការណ៍ផងដែរ អំពីសកម្មភាពនៃការជួសជុលឡើងវិញ នៅទីតាំងបាញ់មីស៊ីល និងរ៉ុក្កែត សូហែ (Sohae) ដែលកន្លងមកត្រូវបានបំផ្លាញចោលនូវផ្នែកមួយចំនួនក្រោមការសន្យាអំពីកិច្ចប្រឹងប្រែង ឆ្ពោះទៅរករំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅសិង្ហបុរីកាលពីពាក់កណ្តាលឆ្នាំមុន។
គួរជម្រាបថា ដំណឹងស្តីពីការប្រទះឃើញសកម្មភាពថ្មីៗ នៅតាមមូលដ្ឋានមីស៊ីលរបស់កូរ៉េខាងជើងបានលេចឡើង បន្ទាប់ពីជំនួបកំពូលលើកទីពីររវាងលោក គីម និង លោក ត្រាំ ដែលប្រព្រឹត្តទៅនៅប្រទេសវៀតណាម បានបញ្ចប់ទៅតាំងបាតដៃទទេកាលពីចុងខែកុម្ភៈ៕