(យូអិន)៖ តំណាងស្តីទីនៃសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោក ចូណាថាន់ ខូហិន (Jonathan Cohen) បានបញ្ជូនលិខិតមួយច្បាប់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ដោយក្នុងនោះមានរៀបរាប់ អំពីការលួចលាក់ផលិតមីស៊ីលផ្លោង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានរបស់ប្រទេសអ៊ីរ៉ង់ ហើយសហរដ្ឋអាមេរិកស្នើឲ្យស្ថាប័នអន្តរជាតិមួយនេះ ចាត់វិធានការទប់ស្កាត់ទង្វើអ៊ីរ៉ង់ជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩។
លោក ខូហិន បានបញ្ជាក់នៅក្នុងលិខិតផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN យ៉ាងដូច្នេះថា «ប្រទេសអ៊ីរ៉ង់បានបញ្ចេញសកម្មភាពដូចខាងលើនេះ ប៉ុន្មានដងរួចមកហើយ...។ យើងសូមអំពាវនាវឲ្យអង្គការសហប្រជាជាតិ បង្កើតចេញនូវដំណោះស្រាយមួយជាបន្ទាន់ ដើម្បីទប់ស្កាត់ប្រទេសអ៊ីរ៉ង់ក្នុងការអភិវឌ្ឍ និងផលិតមីស៊ីផ្លោង-បាលីស្ទីក ដែលអាចមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បាននាពេលអនាគត...»។
គួរបញ្ជាក់ថា ក្រោយពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីនៃសហរដ្ឋអាមេរិកនាដើមឆ្នាំ២០១៧ លោកបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងសម្ព័ន្ធមិត្តអាមេរិកទាំងឡាយ បានខិតខំបង្កើតចេញយ៉ាងលំបាកកាលពីឆ្នាំ២០១៥។ បន្ទាប់មកទៀតសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់ ដោយសំអាងលើហេតុផលថា អ៊ីរ៉ង់មិនបានគោរពកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥នោះឡើយ និងកិច្ចព្រមព្រៀងកាលណោះគឺជាការខាតបង់ធំមួយរបស់សហរដ្ឋអាមេរិក៕