(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​ប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) នឹង​ជួបជាមួយនឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៩ ខែមីនា ខាងមុខនេះ​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីពិភាក្សា​អំពី​បញ្ហាសន្តិសុខក្នុងតំបន់អាមេរិកឡាទីន ក្នុង​នោះ​ស្ថានការណ៍នៅប្រទេសវេណេស៊ុយអេឡា​ជាចម្បង។ នេះបើតាមការចេញផ្សាយដោយ Sputnik ដកស្រង់​សេចក្តីប្រកាសពីសេតវិមានទីក្រុងវ៉ាស៊ីនតោន នារសៀលថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩។

សេចក្តីប្រកាស​ព័ត៌មានពីសេតវិមាន​អាមេរិក បានឲ្យដឹងយ៉ាង​ដូច្នេះថា «លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ នឹងទទួលស្វាគមន៍​ដំណើរមកដល់ ​នៃប្រធានាធិបតីប្រេស៊ីល​លោក Jair Bolsonaro នៅឯសេតវិមាន​នាថ្ងៃអង្គារ ទី១៩ ខែមីនា​ខាងមុខនេះ...។ មេដឹកនាំ​​ទាំងពីរ​នឹងធ្វើការពិភាក្សាគ្នា​​អំពី​ការធ្វើឲ្យប្រសើរ​ឡើង ​នូវ​លទ្ធិប្រជាធិបតេយ្យ​​នៃពិភព​ខាងលិច ប្រកបដោយ​​វិបុលភាព និងសន្តិសុខ...។ ប្រទេស​ទាំងពីរ​នឹងសន្យា​ដើរតួនាទី​ឲ្យកាន់តែច្រើន ដើម្បីផ្តល់ជំនួយ​មនុស្សធម៌ ទៅកាន់​ប្រទេស​វេណេស៊ុយអេឡា...។»

គួរបញ្ជាក់ថា លោក Jair Bolsonaro ដែលទើប​ជាប់ឆ្នោត និងឡើង​កាន់តំណែង​ជាប្រធានាធិបតី​ប្រេស៊ីលថ្មីថ្មោង​ផងដែរនោះ គឺ​ត្រូវបានគេ​មើលឃើញថា ជា​មេដឹកនាំ​ដែល​មកបន្តដំណើរការ​នយោបាយគាំទ្រ​សហរដ្ឋអាមេរិក ខណៈចំពោះមុខវិបត្តិនៅ​វេណេស៊ុយអេឡា​​នេះ ប្រេស៊ីល​បាន​បង្ហាញជំហរគាំទ្រ​ក្រុមប្រឆាំង​របសលោក ហ្គៃដូ តាម​សហរដ្ឋអាមេរិក និង​បានព្យាយាម​ដឹកនាំជំនួយ​មនុស្សធម៌ ដើម្បីចូល​ទៅក្នុងប្រទេស​វេណេស៊ុយអេឡា​​ផងដែរ ប៉ុន្តែរដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ ដែលជា​អ្នកគ្រប់គ្រងសន្តិសុខប្រទេស​នេះទាំងស្រុង មិនបានអនុញ្ញាត​ឲ្យចូលនោះ​ឡើយ ដោយចាត់ទង្វើប្រេស៊ីលជាចេតនាត្រៀម​ឈ្លានពាន៕