(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសសហរដ្ឋ​អាមេរិក ជប៉ុន និង​អូស្រ្តាលី ទើបតែបានបិទ​បញ្ចប់នូវសមយុទ្ធយោធា​ផ្លូវអាកាស ប្រចាំឆ្នាំ​​ដែល​​​មាន​ឈ្មោះថា COPE North។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ទីបញ្ជាការអាមេរិក​ប្រចាំ​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេណារីយ៉ូ​នៃការហាត់សម​​សម្រាប់​សប្តាហ៍​ចុងក្រោយ នៃសមយុទ្ធយោធា COPE North 2019 រួមមាននូវការ​ជួយជ្រោមជ្រែង​ផ្នែកមនុស្សធម៌ និង​ប្រតិបត្តិការ​​ជួយ​​​សង្រ្គោះពេល​មានគ្រោះ​មហន្តរាយ ព្រមទាំងការ​ធ្វើប្រតិបត្តិការ​ប្រយុទ្ធតាមផ្លូវការ ក្រោយពី​ប្រទេសជាសត្រូវ បាន​បាញ់ទម្លាក់​យន្តហោះ​​របស់​ប្រទេស​ជាមិត្ត​ជាដើម។

គួរជម្រាបថា សមយុទ្ធយោធា​ដែលបានបញ្ចប់ទៅនា​ថ្ងៃសុក្រសប្តាហ៍នេះ មាន​ការចូលរួម​​ពីសមាជិកទ័ពអាកាស​ប្រមាណជា​​ ៣,០០០នាក់ យន្តហោះ​ជិត ១០០គ្រឿង និងអង្គភាព ២០ខុសៗគ្នាមកពី​ប្រទសទាំង ៣ នៅលើដែនមហាសមុទ្រប៉ាស៊ីហ្វិក​ភាគ​ខាងលិច៕