(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានបំណងនឹងជ្រើសតាំងលោក ចន លីនដឺ (John Linder) ដែលជាអតីតសមាជិកសភានៃរដ្ឋ ហ្សកហ្ស៊ី (Georgia) សម្រាប់មុខតំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលត្រូវបានទុកចោលឲ្យនៅទំនេរអស់រយៈពេលជាង ០២ឆ្នាំមកហើយ។ នេះបើតាមការប្រកាសឲ្យដឹងពីសេតវិមាន ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩។
យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមានអាមេរិក លោក John Linder គឺជាតំណាងរាស្រ្តនៃរដ្ឋ Georgia ដែលបានកាន់តួនាទីក្នុងសភាអាមេរិកអស់រយៈ ០៩អាណត្តិមកហើយ គឺចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១១។ មន្រ្តីបក្សសាធាណរដ្ឋដែលមានវ័យ ៧៦ឆ្នាំរូបនេះ ធ្លាប់ជាសមាជិកនៃគណៈកម្មាធិការទទួលបន្ទុកបញ្ហាសន្តិសុខជាតិ នៃសភាតំណាងរាស្រ្តអាមេរិកជាទីដែលលោកបានធ្វើជាប្រធាន នៃអនុគណៈកម្មាធិការទប់ស្កាត់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ និងអាវុធជីវសាស្រ្ត។
គួរជម្រាបថា តំណែងជាឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិកប្រចាំអាស៊ាន បាននៅទំនេរចាប់តាំងតែពីខែមករា ឆ្នាំ២០១៧មកម៉្លេះ គឺនៅពេលដែលលោក ដូណាល់ ត្រាំ បានឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិកទី ៤៥៕