ស្ថានការណ៍នៅវេណេស៊ុយអេឡា៖ ដាច់ចរន្តអគ្គិសនីក្នុងរដ្ឋចំនួន២១, លោក ម៉ាឌូរ៉ូ ចោទអាមេរិកជាអ្នកប្រព្រឹត្ត ខណៈប៉ុន្មានម៉ោងទៀតអគ្គិសនីនឹងមានឡើងវិញ
09-03-2019 10:23
(ការ៉ាកាស់)៖ ក្នុងពេលប៉ុន្មានម៉ោងខាងមុខ ប្រព័ន្ធចរន្តអគ្គិសនីនឹងត្រូវស្តារឡើងវិញ នៅទូទាំងប្រទេសវេណេស៊ុយអេឡា ខណៈការដាច់ចរន្តអគ្គិសនីស្ទើរតែពេញផ្ទៃប្រទេសអាមេរិកឡាទីនមួយនេះ បានឈានដល់ថ្ងៃទីពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីទំនាក់ទំនង និងព័ត៌មានវេណេស៊ុយអេឡាលោក ហ្សក អារ៉ូទ្រីហ្គែស (Jorge Rodriguez) នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅក្នុងតំបន់) បានឲ្យដឹងថា «ខណៈនេះ ការផ្គត់ផ្គង់ចរន្តអគ្គិសនីត្រូវបានស្តារឡើងវិញ នៅតាមតំបន់ភាគខាងកើតប្រទេស រីឯលោក ម៉ាឌូរ៉ូ កំពុងតែឃ្លាំមើលស្ថានការណ៍នៅទូទាំងប្រទេសតែម្តង ខណៈប្រព័ន្ធអគ្គិសនីនឹងត្រូវស្តារឡើងវិញ ទាំងស្រុងតែម្តងនៅប៉ុន្មានម៉ោងខាងមុខ»។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ ស្ថាប័នផ្គត់ផ្គង់អគ្គិសនីជាតិនៃប្រទេសវេណេស៊ុយអេឡា បានឲ្យដឹងថា ស្ថានីយវារីអគ្គិសនី ហ្គូរី (Guri) ដ៏សំខាន់របស់វេណេស៊ុយអេឡា បានប្រឈមមុខការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា ហើយក៏បានបង្កឲ្យរដ្ឋ ២១ ក្នុងចំណោមរដ្ឋទាំង ២៣ របស់ប្រទេសអាមេរិកឡាទីនមួយនេះដាច់ចរន្តអគ្គិសនីប្រើប្រាស់។ លោក ម៉ាឌូរ៉ូ បានចោទអាមេរិកថា កំពុងតែបង្កសង្រ្គាមអគ្គិសនីប្រឆាំងនឹងប្រទេសរបស់លោក៕