(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Charlie Summers បានព្រមានថា ទំនាក់ទំនងយោធារបស់តួកគីជាមួយសហរដ្ឋអាមេរិក នឹងប្រឈមផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត ប្រសិនបើទីក្រុងអង់ការ៉ាទទួលយកប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៩។
នាថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) លោក Summers បានលើកឡើងយ៉ាងដូច្នេះថា «ប្រសិនបើតួកគីទទួលយកប្រព័ន្ធ S-400 នោះ ទំនាក់ទំនងនៃវិស័យយោធារវាងប្រទេសយើងទាំងពីរ នឹងទទួលរងផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត ហើយមិនតែប៉ុណ្ណោះពួកគេក៏នឹងមិនទទួលបានយន្តហោះ F-35 ផងដែរ បើពួកគេយក S-400 ពីប្រទេសរុស្ស៊ី»។
ការព្រមានរបស់ក្រសួងការពារជាតិអាមេរិកបានកើតមានឡើង បន្ទាប់ពីប្រមុខទីបញ្ជាការយោធាអាមេរិកប្រចាំនៅអឺរ៉ុប លោក Curtis Scaparrotti បានណែនាំឲ្យសភាអាមេរិករារាំងកុំឲ្យតួកគីទទួលបានយន្តហោះ F-35 ប្រសិនបើទីក្រុងអង់ការ៉ានៅតែបន្តឆ្ពោះទៅមុខជុំវិញផែនការនៃការទិញប្រព័ន្ធ S-400។ បើតាមលោក Summers វិញ សហរដ្ឋអាមេរិកក៏ប្រហែលនឹងរារាំងមិនឲ្យតួកគីទិញប្រព័ន្ធមីស៊ីលអាមេរិក Patriot ថែមទៀតផង។
គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានបញ្ជាក់ច្បាស់ៗថា កិច្ចព្រមព្រៀងជាមួយរុស្ស៊ីទាក់ទិននឹងការប្រគល់ប្រព័ន្ធ S-400 បានចប់ជាស្ថាពរហើយគឺមិនអាចបកក្រោយឡើយ ដោយប្រព័ន្ធនេះត្រូវគេរំពឹងថានឹងទៅដល់ដៃតួកគីក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៩នេះតែម្តង។ ម៉្យាងវិញទៀត លោក អឺដូហ្គាន់ បានបន្ថែមថា កិច្ចព្រមព្រៀងថ្មីអំពីការទិញប្រព័ន្ធមីស៊ីលដែលទំនើបជាងនេះទៅទៀតនោះរបស់រុស្ស៊ី គឺ S-500 ក៏អាចទៅរួចផងដែរនាពេលអនាគត៕